(ព្រះសីហនុ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានចុះបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល បដិសណ្ឋារកិច្ចល្អ ដល់ថ្នាក់ដឹកនាំ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមន្ដ្រីទីក្រុងស្អាត មកពី១២រាជធានី-ខេត្ត ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៦ ខែសីហានេះ, ក្រោមវត្តមានរបស់ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក យន្ត មីន អភិបាល​ខេត្តព្រះសីហនុ ដែលមានសិក្ខាកាមប្រមាណ​៧០នាក់ចូលរួម។

លោក ប៉ាក់ សុខុម បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ដែលបម្រើការក្នុងវិស័យទេសចរណ៍ ពិសេសលើមុខជំនាញបដិសណ្ឋារកិច្ចល្អនេះ ដើម្បីឲ្យសិក្ខាកាមជាគ្រូបង្គោលទាំងអស់ ទទួលបានចំណេះដឹង និងចំណេះធ្វើ ក្នុងការបណ្តុះបណ្តាលដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តរបស់ខ្លួន បន្តទៀត ធ្វើយ៉ាងណាឲ្យមានសេវាកម្មបដិសណ្ឋារកិច្ចល្អ នៅគ្រប់ទីកន្លែង។

ជាមួយគ្នានេះ លោក យន្ត មីន បានឱ្យដឹងដែរថា ខេត្តព្រះសីហនុ ជាប៉ូលទេសចរណ៍មួយដ៏សំខាន់របស់កម្ពុជា ហើយវគ្គបណ្ដុះបណ្ដាលនេះ ក៏មានគោលដៅ ធ្វើយ៉ាងណាឲ្យសេវាកម្មបដិសណ្ឋារកិច្ចល្អមានភាពត្រឹមត្រូវ ទៅតាមក្បួនខ្នាត ដើម្បីទទួលភ្ញៀវជាតិ-អន្តរជាតិ ក្នុងពិធីបុណ្យសមុទ្រ នាចុងឆ្នាំ២០១៦នេះ ឲ្យមានភាពល្អប្រសើរជាងមុន និងមានភាពទាក់ទាញ ព្រមទាំងចូលរួមអបអរសាទរចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អផងដែរ៕