(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានបន្ដប្រតិបត្ដិការឃាត់ខ្លួនជនជាតិបរទេសបាន៩នាក់ ក្នុងនោះស្រី៣នាក់ ដែលបានចូលមករស់នៅ និងធ្វើការខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមានការណែនាំផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍​ និង​មានកិច្ច​សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំង​មានការសម្របសម្រួល លោក សៀង សុខ ព្រះអាជ្ញារងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យនៅទីតាំង​ស្ថិតនៅផ្ទះលេខ៦៨AB និង៦៨A ផ្លូវលេខ១៣៥​ សង្កាត់ទួលទំពូង ខណ្ឌចំការមន ដោយក្នុងនោះកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនបានជនជាតិ ​ហ្វីលីពីន៧នាក់ ​និងអូស្ត្រាលី២នាក់ ក្នុងនោះមានស្រី៣នាក់ផងដែរ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងចំណោមជនបរទេសទាំង៩នាក់ខាងលើនេះ ​មានលិខិតឆ្លងដែន៨ក្បាល មានទិដ្ឋាកា​រ E ​នៅមានសុពលភាព តែគ្មានសៀវភៅការងារ​។

លោកបន្ដថា ​ក្រុមចំរុះបានដកយកលិខិតឆ្លងដែន៦ក្បាល យកមកធ្វើការផាកពិន័យតាមច្បាប់ការងារ និងបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ​  Constanting Fisco Abitria អាយុ៤៨ឆ្នាំ​ ជនជាតិ​ហ្វីលីពីន ដែលបាន​លួចស្នាក់នៅដោយខុសច្បាប់ រយៈពេល៩ឆ្នាំ ដោយគ្មានលិខិតឆ្លងដែន​ និងមានសកម្មភាព បង្កឡុកឡុក ក្នុងមូលដ្ឋានស្នាក់នៅផងដែរ។

បច្ចុប្បន្នជនជាតិហ្វីលីពីន និងជនជាតិអូស្ដ្រាលី ខាងលើនេះ ត្រូវបានបញ្ចូនខ្លូនទៅកាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដ៕