(ភ្នំពេញ)៖ ក្រោយប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅមុននេះបន្ដិចថា បេក្ខជនអវត្តមានកើនឡើងដល់១៣៦១នាក់ ក្នុងនោះស្រី ៥៣២នាក់ បេក្ខជនមានបញ្ហាសុខភាពមាន ២៦នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ២ករណី ដែល ១ករណីមានសភាពធ្ងន់ធ្ថរ មិនអាចបន្តការប្រឡងបាន។

ទោះជាយ៉ាងណា ក្រសួងអប់រំបានបញ្ជាក់បន្ទាប់ពីបញ្ចប់ការប្រឡង នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះថា ដំណើរការសំណេរបានប្រព្រឹត្តទៅដោយរលូន ពោលគឺគណៈមេប្រយោគ គ្រប់លំដាប់ថ្នាក់មានការទទួលខុស ត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ទោះបីនៅតាម រាជធានី-ខេត្ត មួយចំនួន មានភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ ជាមួយគ្នានេះដែរ  បេក្ខជនបានគោរពបទប្បញ្ញត្តិ និងកម្រិតវិន័យ នៃការប្រឡងបានត្រឹមត្រូវ មានភាពជឿជាក់ និងធ្វើកិច្ចការបានច្រើន ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ ឡើយ ដោយមានកិច្ចសហការយ៉ាងល្អ ពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងសហភាពសហព័ន្ធ យុវជនកម្ពុជា។

សូមបញ្ជាក់ថា បេក្ខជនដែលបានចុះឈ្មោះប្រឡងបាក់ឌុប ឆ្នាំនេះ សរុប៩៣,៧៥២នាក់ ស្រី៤៥,២៣៧នាក់ និងមានមណ្ឌលប្រឡង១៥៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន១១៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន៤២មណ្ឌល ស្មើនឹង៣,៧៨១ បន្ទប់ នៅទូទាំងប្រទេស៕