(សិង្ហបុរី)៖ មេដឹកនាំនៅលើពិភពលោក បានបញ្ជូនសាររំលែកទុក្ខមកកាន់ប្រទេសសិង្ហបុរី ក្រោយពីអតីត ប្រធានាធិបតីលោក Nathan បានទទួលមរណៈភាពក្នុងជន្មាយុ ៩២ឆ្នាំ នាមន្ទីរពេទ្យធំរបស់ប្រទេសសិង្ហបុរី ក្រោយពីបានសម្រាកព្យាបាលជំងឺដាច់សសៃឈាមក្នុងខួរក្បាល អស់៣សប្តាហ៍។ នេះបើតាមការចេញផ្សាយនៅមុន នេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦។

មេដឹកនាំសកលលោក, អ្នកនយោបាយ, និង មន្ត្រីទូតជាន់ខ្ពស់ នៃបណ្តាប្រទេសនានានៅលើសកលលោក បានផ្ញើសាររំលែកទុក្ខ ហើយក្នុងនោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak បានសរសេរបង្ហោះនៅលើ បណ្តាញសង្គម Twitter របស់លោកថា «ខ្ញុំសូមសម្តែងសមានទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនដល់ក្រុមគ្រួសារ នៃអតីតប្រធានាធិបតីសិង្ហបុរីលោក Sellapan Ramanathan និងប្រជាជនសិង្ហបុរីទាំងអស់»

គួរបញ្ជាក់ថាលោក Sellapan Ramanathan ឬ S R Nathan គឺជាប្រធានាធិបតីសិង្ហបុរី ពីឆ្នាំ ១៩៩៩ ដល់ ២០១១ ហើយលោកក៏ធ្លាប់បម្រើការងារជាឧត្តមស្នងការរបស់សិង្ហបុរី ទៅកាន់ប្រទេសម៉ាឡេស៊ី ចាប់ពីឆ្នាំ ១៩៨៨ ដល់១៩៩០ផងដែរ។ ប្រជាជាតិសិង្ហបុរី បានប្រកាសថាលោក Nathan បានលាចាកលោកនេះទៅប្រកបដោយ សន្តិវិធី ហើយលោកត្រូវបានផ្តល់កិត្តិយសជា «អ្នកផ្តល់ការអប់រំគំនិតសម្រាប់ទាំងអស់គ្នា» និងជាមនុស្សដែល «តំណាងឲ្យពេលវេលាដ៏ធំធេងសម្រាប់ពួកយើង»