(ភ្នំពេញ)៖ រូបថតពីរបីសន្លឹកដែលគេថតពី ទិដ្ឋភាពរថយន្តប្រណីត មួយគ្រឿងប្រភេទរេងរ៉ូវើត្រូវបានម្ចាស់ បើកយកទៅចតចោលនៅកណ្ដាលផ្លូវ ហើយយកបារ៉ាស់ដាក់បាំង ទទឹងង៉ាងទៀតនោះ ត្រូវបានគេបង្ហោះ និងចែកចាញពេញបណ្ដាញ ទំនាក់ទំនងសង្គម ធ្វើអោយមានការរិះគន់យ៉ាងខ្លាំងៗ ទៅលើម្ចាស់រថយន្តនេះ រហូតដល់អ្នកខ្លះលើកឡើងថា ទំនងម្ចាស់រថយន្តខាងលើ ជាឪឯកឧត្តមឬពាក់ លោកខែហើយមើលទៅ បានជាហ៊ានចតរថយន្តទាំងបំពាន នៅកណ្ដាលថ្នល់យ៉ាងដូច្នេះ។

អ្នកធ្វើដំណើរឃើញទិដ្ឋភាព នៃការចតរថយន្តនេះបាននាំគ្នា លាន់មាត់ថា មានលុយទិញរថយន្តទំនើបតម្លៃ រាប់មុឺនដុល្លារជិះហើយ បែរជាមានចរិតមិនថ្លៃថ្នូរ ដូចតម្លៃរថយន្តសោះ។ អ្នកខ្លះទៀតបាន លើកឡើងថាទោះជានាយករដ្ឋមន្ត្រី មានបុណ្យសក្ដិ មានអំណាចប៉ុនមហាមេឃទៀត ក៏លោកមិនហ៊ានយករថយន្តទៅចត នៅកណ្ដាលថ្នល់ទាំងយប់ទាំងថ្ងៃ ហើយយកបារ៉ាស់មកដាក់បាំង ពីមុខពីក្រោយ ការពារខ្លាចគេបុកដូច្នេះដែរ ទំនងម្ចាស់រថយន្តនេះ ពាក់លោកខែឬក្បាល ប៉ានដែកហើយមើលទៅ។

សូមបញ្ជាក់ថាតាមការសង្កេតមើល ក្នុងរូបថត និងអ្នកឃើញទិដ្ឋភាព នៃការចតរថយន្តនេះអះអាង គឺរថយន្តម៉ាក រេងរ៉ូវើ ពាក់ស្លាកលេខភ្នំពេញ 2AC-5566 ខាងលើ ម្ចាស់តែងតែចតនៅមុខផ្ទះនៅតាម បណ្ដោយផ្លូវលេខ ១៣៦ ដែលជាផ្លូវឯកទិសធ្វើដំណើរ បានតែពីលិចទៅកើត និយាយរួមធ្វើដំណើរបានពីផ្សារតាប៉ាង ទៅផ្សារកណ្ដាល (ហាងគុយទាវប្រហិតត្រី) ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ។

ទំនងម្ចាស់រថយន្តសំអាងថា ផ្លូវមុខផ្ទះរបស់ខ្លួនជា ផ្លូវឯកទិស ហើយមើលទៅ បានជាហ៊ានយករថយន្ត ទៅចតយ៉ាងដូច្នេះ។ ប៉ុន្តែយោងតាមច្បាប់ចរាចរ ទោះបីផ្លូវឯកទិស មិនសូវមានចរាចរមមាញឹក យ៉ាងណាក៏គេមិនត្រូវយករថយន្ត ទៅចតពីរជួររហូតបិទអស់ ពាក់កណ្ដាលទ្រូងផ្លូវ យ៉ាងដូច្នេះដែរ។  

អាងតែមានលុយទិញរថយន្តថ្លៃជិះ ចតបានក៏ចេះតែចតទៅ..! នគរបាលចរាចរ អាងតែម្ចាស់រថយន្តជា អ្នកមានលុយ បើបិទភ្នែកបានក៏ចេះតែបិទភ្នែកទៅ..!..៕