(កណ្ដាល)៖ ឧត្តមសេនីយ៍ លុយ ឈីន អនុប្រធានក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) របស់បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះណែនាំពីសុវត្ថិភាពចរាចរណ៍ និងចែកប័ណ្ណបើកបរ ដល់អ្នកបើកបររថយន្តដឹកកម្មករ ១១៤នាក់ នៅរោងចក្រ Kyung Shin Cambodia Corp ស្ថិតក្នុងក្រុមហ៊ុន 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ លុយ ឈីន បានក្រើនរំឭកដល់អ្នកបើកបរទាំងអស់ត្រូវយកចិត្តទុកដាក់ ពីសុវត្ថិភាពចរាចរណ៍លើការដឹកជញ្ជូនកម្មករ ដោយត្រូវអនុវត្តតាមវិធានការ ដូចជា៖ អ្នកបើកបរ គប្បីប្រើប្រាស់រថយន្តប្រភេទតូរីស ឬបឺស ត្រូវមានកៅអីអង្គុយត្រឹមត្រូវ មិនត្រូវផ្ទុកលើដំបូល កាត់បន្ថយការដឹកកម្មករក្នុងរថយន្តដឹកទំនិញ ឬម៉ូតូសណ្ដោងរ៉ឺម៉កដែលងាយគ្រោះថ្នាក់, អ្នកបើកបរត្រូវមានប័ណ្ណបើកបរ សម្គាល់យានយន្ត ស្លាកលេខ និងវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ។

លោកឧត្តមសេនីយ៍បន្តថា បើមានការដឹកជញ្ជូនកម្មករ តាមរថយន្តដឹកទំនិញ ត្រូវអនុវត្តតាមវិធានការសុវត្ថិភាពមួយចំនួនរួមមាន៖ ទី១.ត្រូវរៀបចំកៅអីអង្គុយឱ្យបានត្រឹមត្រូវ មិនត្រូវឈរជាដាច់ខាត, ទី២.រថយន្តត្រូវមានរនាំងដែកបាំងការពារ កុំឱ្យដៃចេញក្រៅ, ទី៣.ហាមផ្ទុកលើសចំណុះ, ទី៤.រថយន្តត្រូវធានាតាមបច្ចេកទេសឱ្យមានសុវត្ថភាព ពិសេសកង់រថយន្ត ភ្លើង ហ្រ្វាំង ចង្កូតជាដើម, ទី៥.ត្រូវបើកបរដោយគោរពច្បាប់ចរាចរណ៍ ក្នុងល្បឿនត្រឹមត្រូវ គោរពសិទ្ធិអាទិភាព ប្រកាន់ស្ដាំ ផ្លូវបត់ ផ្លូវកែង ការឈប់ ការចតជាដើម។ ក្រៅពីលោកក៏បានអំពាវនាវឱ្យអ្នកបើកបរទាំងអស់ ត្រូវរួសរាន់ទៅប្រឡងយកប័ណ្ណបើកបរឱ្យបានគ្រប់គ្នា។

ជាមួយគ្នានេះ ក្រុមការងារក៏បានចែកជូននូវ ប័ណ្ណបើកបរដល់អ្នកបើរបរ រថយន្តដឹកកម្មករ-និយោជិត ចំនួន១១៤នាក់ ដែលទទួលបានការបណ្ដុះបណ្ដាល និងប្រឡងជាប់ ដែលការបណ្ដុះបណ្ដាលនេះ គឺជាការចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ដ៏សំខាន់ ក្នុងប្រទេសកម្ពុជា៕