(ភ្នំពេញ)៖ នារីកម្មការិនីរោងចក្រកាត់ដេរម្នាក់ ក្រោយពេលចេញពីធ្វើការស្រាប់តែបាត់ខ្លួនរហូតមិនឃើញត្រឡប់ទៅផ្ទះវិញ ដោយមិនដឹងពីមូលហេតុ ធ្វើឲ្យឪពុកម្ដាយ រួមនិងយុវជនដែលជាគូដណ្ដឹង បានទៅដាក់ពាក្យបណ្ដឹង សុំឲ្យនគរបាលប៉ុស្ដិ៍សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាការគមន៍ស្វែងរកនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ ពីព្រោះនៅសល់តែរយៈពេល៥ខែទៀតប៉ុណ្ណោះ នឹងត្រូវចូលរោងការ។

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នាងក្រមុំដែលបាត់ខ្លួននោះ ឈ្មោះ ចាន់ ស្រីម៉ុច ហៅ ស្រីណុច អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ នាងគឺជាកម្មការិនីរោងចក្រកាត់ដេរ ស៊ីន ហាវ ដែលមានទីតាំងតាមបព្ដោយផ្លូវ អូដើមកប់ស្រូវ ស្ថិតក្នុង ភូមិត្រពាំងធ្នង់ ហៅភូមិព្នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ម្ដាយឈ្មោះ ប៉ោង សុខលី អាយុ៤២ឆ្នាំជាកសិករនិងឪពុកឈ្មោះ ឃុន រិន អាយុ៥១ឆ្នាំ ជាកសិករ ចំណែកគូដណ្ដឹងមិនត្រូវបានស្គាល់ ឈ្មោះនោះឡើយ។ នគរបាលបានបន្តទៀតថា នាងមានគូដណ្ដឹងរួចទៅហើយ នៅសល់តែរយៈពេល៥ខែទៀតប៉ុណ្ណោះ និងត្រូវចូលរោងការហើយ គឺនៅក្នុងខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។

នគរបាលបានបញ្ជាក់ថា កន្លងមកនាងមិនដែលបាត់ពីផ្ទះនោះទេ ក្រោយពេលចេញពីធ្វើការគឺត្រឡប់ទៅផ្ទះវិញហើយ ដោយឡែក នៅវេលាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ស្រាប់តែបាត់នាងសូន្យឈឹងមិនដឹងទៅណានិងមិនឃើញត្រឡប់ទៅផ្ទះវិញឡើយ៕