(ភ្នំពេញ)៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបសម្តែងការគួរសមជាមួយ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា៖ «នៅពេលគេយល់ថា ជំងឺមហារីក និងគ្រាប់បែកបរមាណូ សម្លាប់មនុស្សយ៉ាងកាចសាហាវ និងដ៏ខ្លាំងក្លា ! ប៉ុន្តែការផ្សព្វផ្សាយញុះញង់ និងការបំផុសបំផុល ព័ត៌មានមិនពិត គឺវាអាចសម្លាប់មនុស្សជាតិនៅលើពិភពលោក សាហាវជាងជំងឺមហារីក និងគ្រាប់បែកបរមាណូរាប់រយដងទៅទៀត»

លោក ហ៊ុយ វណ្ណៈ បានបន្តអះអាងថា សន្តិសុខ សន្តិភាព និង និរន្តរភាពសង្គម គឺអាស្រ័យលើការទទួលស្គាល់ការពិត និងភាពជាក់ស្តែង ហើយសង្គមមិនត្រូវ បណ្តោយឲ្យពាក្យចចាមអារ៉ាម ការមួលបង្កាច់ ការប្រមាថ ក្លាយជាមូលដ្ឋានដឹកនាំសង្គមមនុស្សឡើយ នោះសង្គមទាំងមូលនឹងត្រូវខ្ទេចខ្ទាំ ដែលយើងបានឃើញ សោកនាដកម្មបន្តបន្ទាប់នៅចំពោះមុខយើង និងកំពុងកើតមាននៅបណ្តាប្រទេសមួយចំនួន​ លើពិភពលោកយើងនេះ ជាពិសេសនៅស៊ីរី និងអ៉ីរ៉ាក់...។ល។

លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ទៀតថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គាំទ្រសេរីភាពការបញ្ចេញមតិ ។ ប៉ុន្តែរាល់ការបញ្ចេញមតិគួរ ប្រកបដោយសីលធម៌ សេចក្តីថ្លៃថ្នូរ ការទទួលខុសត្រូវ និងក្នុងន័យស្ថាបនា នោះសង្គមនឹងរីកចម្រើនទាំងអស់គ្នា។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលបច្ចុប្បន្នមានសមាជិកជាង៦០០នាក់ មកពីជាង៣០ស្ថាប័នផ្សព្វផ្សាយព័ត៌មាន គឺមានបេសកម្មដើម្បីរួមចំណែក លើកកម្ពស់ គុណភាពសីលធម៌វិជ្ជាជីវៈ និង សមត្ថភាពវិជ្ជាជីវៈ ។ ដរាបណាគុណភាពនៃការគិតរីកចម្រើន នោះសង្គមជាតិនឹងបន្តរីកចម្រើន។

សូមជំរាបថា សហភាពសហព័ន្ធ អ្នកសារព័តមានកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នាពេលថ្មីៗ។

ថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន ដែលបានរួមគ្នាចងក្រង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ ឡើងមានមកពីទូរទស្សន៍ CTN CNC My TV OneTV, CTN International, BTV TV9 TV11 TV8 Hang Meas TV SEATV TV5 TV3 TVK NTV, សារព័ត៌មាន Fresh News (App+Website), សារព័ត៌មាន Khmer Times, Kampuchea Thmey សារព័ត៌មាននគរបាល និងសារព័ត៌មានភ្នំពេញថែមស៍៕