(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជំរុញឲ្យមន្រ្តីពាក់ព័ន្ធ ធ្វើការទំនាក់ទំនង ជាមួយប្រទេសជិតខាង ដើម្បីបង្កើនការទប់ស្កាត់ការទិញឈើខុសច្បាប់ពីប្រទេសកម្ពុជា ក៏ដូចជាសង្រ្គោះដល់ប្រជាពលរដ្ឋ ដែលត្រូវបោកបញ្ឆោត។ សម្តេចបានហៅសកម្មភាពល្មើស ទាំងនេះថា បើអត់មានអ្នករួមគំនិតទិញទេ ក៏មិនមានអ្នកនាំចេញទៅលក់ដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ នៅក្នុងវេទិកាស្តីពីការការពារ និង អភិរក្សធនធានធម្មជាតិ ដែលរៀបចំឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នោះ ដោយមានតំណាង អង្គការសង្គមស៊ីវិល ព្រះសង្ឃ និងមន្រ្តីពាក់ព័ន្ធប្រមាណ ៧០០នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បន្តយុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើ ដែលក្នុងនោះត្រូវទាក់ទងជាមួយប្រទេសជិតខាងឲ្យ សហការ ដោយមិនទទួលទិញឈើពីកម្ពុជា ដែលនាំចេញដោយលួចលាក់ អ៊ីចឹងដំណើរការយុទ្ធនាកា រដើម្បីប្រឆាំងនឹងអ្នកកាប់ឈើ យើងត្រូវធ្វើប្រតិបត្តិខាងក្នុងផង ប៉ុន្តែត្រូវធ្វើទំនាក់ទំនងជាមួយប្រទេសជិតខាង ព្រោះតាមរយៈនៃការនាំចេញនោះ ទីផ្សារដែលទទួលការនាំចេញ ឈើខុសច្បាប់នេះ បើអត់មានទីផ្សារទេ វានាំចេញអត់កើតទេ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្នុងចំណោមប្រទេសជិតខាងទាំងនោះ កម្ពុជាបានទាក់ទកទៅវៀតណាម និងឡាវរួចហើយ ដោយឡែកនៅប្រទេសថៃ មិនទាន់នៅឡើយទេ។ សម្តេចថា ឈ្មួញនៅប្រទេសថៃ និងឈ្មួញនៅកម្ពុជា បានសហការគ្នាយ៉ាងល្អ ហើយបោកបញ្ឆោតប្រជាពលរដ្ឋឱ្យ ទៅកាប់ឈើនៅជាប់ព្រំដែន ទីបំផុតអ្នករងគ្រោះពិតប្រាកដហើយត្រូវចាប់ខ្លួន គឺប្រជាពលរដ្ឋស្លូតត្រង់។

សម្តេចតេជោ បានលើកឡើងថា «ខ្ញុំតែងធ្វើការជាមួយវៀតណាម ធ្វើការជាមួយឡាវ ឯថៃមិនមានទៅទេ ប៉ុន្តែទៅថៃបើតាមខ្ញុំដឹងគឺ មានចេញតាមរយៈស្ទឹងត្រែងចូលដីឡាវសិន ហើយបានចេញពីដីឡាវចូលទៅថៃ ប៉ុន្តែនៅខាងនេះឈ្មួយកម្ពុជា ឈ្មួញថៃសហការគ្នា គាត់ឃុបឃិតគ្នាច្បាស់ណាស់ ឱ្យខ្មែរយើងចូលទៅចាប់ឈើរបស់គេ រួចហើយដឹកចូលមកកម្ពុជា ប៉ុន្តែខាងនោះទេ មេខ្លោងនៅខាងនោះទេ ជាមួយមេខ្លោងនៅនេះ ប៉ុន្តែអ្នកដែលគ្រោះថ្នាក់គឺប្រជាពលរដ្ឋរបស់យើង ដែលទៅលួចកាប់គ្រញូងក្នុងដីរបស់គេ»

របាយការណ៍ដែលផ្តល់ដោយ​ អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ករណីប្រជាពលរដ្ឋខ្មែរបានឆ្លងចូល ទៅកាប់ឈើខុសច្បាប់នៅខេត្តស្រះកែវ ប្រទេសថៃមានចំនួន ៧ករណី ដែលមានប្រជាពលរដ្ឋខ្មែរ ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួន មានចំនួន៩១នាក់ ក្នុងនោះក្រសួងការបរទេស ក៏បានសម្របសម្រួលដោះស្រាយបានចំនួន២ករណី ហើយបញ្ជូនអ្នករងគ្រោះ ទាំងនោះ ៤០នាក់មកកាន់កម្ពុជាផងដែរ។ ទោះជាយ៉ាងណា សម្រាប់ករណី៥ផ្សេងទៀត ដែលមិនទាន់ត្រូវបានដោះស្រាយ ពេលនេះក្រសួងការបរទេស កំពុងរៀបចំផ្តល់មេធាវី ការពារពួកគេ នៅតុលាការប្រទេសថៃផងដែរ៕

សូមស្តាប់ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន​ សែន ខាងក្រោមនេះ៖