(ភ្នំពេញ)៖ អាចជារឿងកម្រថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា ហើយក៏ជាមោទនភាពមួយផងដែរ នៅពេលនេះមាននិស្សិត អតីតក្មេងវត្តម្នាក់ ត្រូវបានសហរដ្ឋអាមេរិក ជ្រើសរើសឲ្យទៅបង្រៀន ផ្នែកសេដ្ឋកិច្ចក្នុងកម្មវិធី Fulbright Scholar in residence ដែលមិនធ្លាប់មានឡើយនាពេលកន្លងមក។

ពលរដ្ឋកម្ពុជាដំបូងគេ ដែលអាមេរិកជ្រើសឲ្យទៅបង្រៀននៅអាមេរិកនេះ គឺលោកបណ្ឌិត សឹង រេត។ លោកត្រូវបានជ្រើសឲ្យបង្រៀន សេដ្ឋកិច្ចក្នុងកម្មវិធី Fulbright Scholar in residence សម្រាប់រយៈពេលពីរឆមាសក្នុងឆ្នាំសិក្សា ២០១៦-២០១៧។

លោកបណ្ឌិត សឹង រេត ជាសាស្រ្តាចារ្យកម្ពុជាទីមួយដែលទទួលបានឋានៈជា Fulbright Scholar បង្រៀនសេដ្ឋកិច្ចដល់និស្សិតអាមេរិក នៅសាកលវិទ្យាល័យ Middlesex Community College នៅរដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក។ លើសពីនេះ លោកបណ្ឌិត នឹងចូលរួមក្នុងកិច្ចការសិក្សាស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច ព្រមទាំងចូលរួមក្នុងការងារសំខាន់ៗ មួយចំនួនទៀត ក្នុងអំឡុងពេលស្នាក់នៅ សហរដ្ឋអាមេរិក។

លោក សឹង រេត បានបង្ហាញនូវក្តីរីករាយចំពោះ ការជ្រើសរើសនេះ ហើយលោកចាត់ទុកថា នេះគឺជាមោទនភាព និងកិត្តិយសមួយផងដែរ សម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជា។ លោកបានបញ្ជាក់ប្រាប់ Fresh News តាមទូរស័ព្ទនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះថា «នេះគឺជាកិត្តិយសសម្រាប់ប្រទេស និងប្រជាជនខ្មែររបស់យើងទាំងអស់គ្នា មិនមែនសម្រាប់តែរូបខ្ញុំបាទតែម្នាក់ឯងនោះឡើយ»

ក្រឡេកទៅប្រវត្តិសិក្សាវិញ លោក សឹង រេត គឺជាកូនកសិករម្នាក់ ដែលមានជីវភាពមិនសូវធូរធានោះឡើយ លោកបានឆ្លងកាត់ការលំ បាក និងឧបសគ្គជាច្រើន ដើម្បីស្វែងរកពុទ្ធិ។ លោកបានយកវត្តស្ទឺង មានជ័យជាទីស្នាក់អាស្រ័យ អស់ជាច្រើនឆ្នាំ ដើម្បីសិក្សាថ្នាក់មហាវិទ្យាល័យគណិតវិទ្យា។

បើទោះបីជីវភាពគ្រួសារមានការខ្វះខាតក្តី តែបញ្ញាស្មារតីរបស់លោកបានខ្វះខាត ដូចជីវភាពឡើយ ការសិក្សារបស់លោកចាប់ពីថ្នាក់បរិ ញ្ញាបត្ររហូតដល់ថ្នាក់បណ្ឌិត ទទួលបានអាហារូបករណ៍ ទាំងអស់។ នៅឆ្នាំ២០០៣ លោកបណ្ឌិត សឹង រេត គឺជានិស្សិតកម្ពុជាតែមួយគត់ទទួលបាន អាហារូបករណ៍ថ្នាក់បណ្ឌិត របស់រាជរដ្ឋាភិបាល នៃប្រទេសប៊ែលហ្សិក (Royal Government of Belgium Scholarship) ទៅបន្តការសិក្សាថ្នាក់បណ្ឌិត សេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Antwerp (University of Antwerp) ហើយទទួលបានសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច នៅដើមឆ្នាំ ២០០៩។

បន្ទាប់ពីទទួលបានសញ្ញាបត្របណ្ឌិតភ្លាម លោកបណ្ឌិត សឹង រេត ទទួលបានកិត្តិយសមួយទៀត គឺអាហារូបករណ៍ថ្នាក់ក្រោយបណ្ឌិត ផ្នែកសេដ្ឋកិច្ច (Post-doctoral Fellowship) នៅវិទ្យាស្ថានស្រាវជា្រវ គោលនយោយអន្តរជាតិ (Flemish Centre on Internatio nal Policy) របស់ University of Antwerp នៃប្រទេសប៊ែលហ្សិក រយៈពេលពីរឆ្នាំទៀត។ ក្រោមកម្មវិធី Post-doctoral Fellowship នេះ លោកបណ្ឌិត សឹង រេត ក្លាយជាអ្នកស្រាវជ្រាវជាន់ខ្ពស់់ របស់វិទ្យាស្ថាននេះ ហើយបានធ្វើការងារស្រាវជ្រាវ គម្រោងជាមួយធនាគាជាតិ របស់ប្រទេសប៊ែលហ្សិក ប្រកបដោយជោគជ័យ។

ក្រោយបញ្ចប់ការងារស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត ជាមួយចំណេះដឹងផ្នែកសេដ្ឋកិច្ច លោកបណ្ឌិត សឹង រេត ក៏បានសម្រេចចិត្តវិលមកប្រទេសកំណើត ជាទីស្រឡាញ់លោកវិញ។ ការវិលត្រឡប់មកវិញនេះ គឺក្នុងបំណងរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាមួយប្រជាពលរដ្ឋខ្មែរទូទៅ ដើម្បីអភិវឌ្ឍប្រទេសកំណើតឲ្យមានការវិវឌ្ឍន៍ ទៅមុខថែមទៀត។

ដោយផ្តល់សារៈសំខាន់ដល់វិស័យអប់រំ ដែលជាវិស័យដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព លោកបណ្ឌិត សឹង រេត ក្នុងនាមជាសាស្រា្តចារ្យ ក្រៅម៉ោងផ្នែកសេដ្ឋកិច្ច ក៏បានបានរួមចំណែក បណ្តុះបណ្តាល និស្សិតពីថ្នាក់បរិញ្ញាបត្រដល់ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន ដូចជា សាលាភូមិន្ទរដ្ឋបាល វិទ្យាស្ថានសហប្រតិបត្តិការ បារាំងនៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត សេដ្ឋកិច្ឋនិងច្បាប់ សាកលវិទ្យាល័យជាតិគ្រប់គ្រង(ត្រឹមឆ្នាំ២០១៣) រាជបណ្ឌិតសភាកម្ពុជា ។

ក្រៅពីការងារបណ្តុះបណ្តាល បណ្ឌិត សឹង រេត គឺជាអ្នកវាយតម្លៃជាអន្តរជាតិនូវឯកសាស្រាវជ្រាវសម្រាប់ទិន្នានុប្បវត្តន៍វិទ្យាសាស្រ្តអន្តរជាតិមួយចំនួន និងបច្ចុប្បន្នជាសមាជិកអ្នកស្រាវជ្រាវ របស់វិទ្យាស្ថានស្រាវជា្រវ អាស៊ាន (Centre for ASEAN Studies) នៃ University of Antwerp។ បណ្ឌិត សឹង រេត បានបោះពុម្ភផ្សាយឯកសាស្រាវជ្រាវរបស់ខ្លួន ក្នុងទិន្នានុប្បវត្តន៍វិទ្យាសាស្រ្ត អន្តរជាតិល្បីៗមួយចំនួនដូចជា Journal of Asian Economics,  International Journal of Manpower និង Journal of International Trade Law and Policy។

បណ្ឌិត សឹង រេត កើតនៅក្នុងគ្រួសារកសិករក្រីក្រ នៅតំបន់ដាច់ស្រយាលមួយ នៃស្រុកគិរីវង់ ខេត្តតាកែវ។ គាត់ស្នាក់នៅវត្តស្ទឹងមានជ័យជាមួយព្រះសង្ឈ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយធ្លាប់ជាសាស្រ្តាចារ្យបង្រៀន គណិតវិទ្យានៅវិទ្យាល័យហ៊ុន សែន ចំបក់ ខេត្តកំពង់ស្ពឺ។

លោកបណ្ឌិត មានបរិញ្ញាបត្រផ្នែកគណិតវិទ្យា បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងបណ្ឌិតសេដ្ឋកិច្ច។ គាត់ធ្លាប់ប្រឡងជាប់ជានាយទាហានសកម្ម ជំនាន់ទីពីរកាលពីឆ្នាំ ១៩៩៧-១៩៩៨ និងធ្លាប់ទទួលបានការបណ្តុះបណ្តាល និងទទួលបានវិញ្ញាបនបត្រជាអ្នកសាពរ មានពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ១៩៩៧ ដែលជាឆ្នាំដែលលោកបណ្ឌិត ក៏ទទួលបានសញ្ញាបត្របរិញ្ញាបត្រ គណិតវិទ្យា ពីសាកលវិទ្យាល័យនេះផងដែរ។

លោកបណ្ឌិត សឹង រេត នឹងអញ្ជើញឡើងយន្តហោះឆ្ពោះទៅប្រទេសអាមេរិក នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីបង្រៀនក្នុងកម្មវិធី Fulbright Scholar in residence រយៈពេលមួយឆ្នាំ៕