(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៦រសៀលនេះ បានអនុញ្ញាតឲ្យលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ។

នៅក្នុងជំនួបពិភាក្សាលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានសម្តែងនូវសេចក្តីសោមនស្សរីករាយទទួលស្វាគមន៍ លោកឯកអគ្គរដ្ឋទូត និងបានជម្រាបអំពីការងារអាទិភាពមួយ​ចំនួនរបស់ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន ៖១. ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលអាចរក្សានូវសុវត្ថិភាពដីធ្លី ការកៀរគរវិនិយោគទុនក្នុងវិស័យដីធ្លី ការបង្កើនចំណូលពន្ធរដ្ឋ និងការកាត់បន្ថយឈានទៅដល់ការបញ្ចប់បញ្ហាវិវាទដីធ្លីទូទាំងប្រទេស ២. ការដោះស្រាយវិវាទដីធ្លី ដែលមានរហូតដល់ជាង ៧០០០ ករណី កាលពី ៤ ខែមុន ប៉ុន្តែរហូត​មកដល់ពេលនេះ​គឺនៅសល់ប្រមាណ ៨០០​ករណី ហើយក្រសួងកំពុងខិតខំជម្រុញការដោះស្រាយវិវាទដីធ្លីឲ្យបានកាន់តែឆាប់ផង​ដែរតាមរយៈក្រុមការងារចុះ​ដោះស្រាយវិវាទដីធ្លីទាំង ៣៦ ក្រុម ៣.ការរៀបចំប្លង់គោល​ប្រើប្រាស់ដីធ្លីនៅតាមបណ្តារាជធានីខេត្ត ឲ្យបានឆាប់រហ័ស ៤. និងការបង្កើតលំនៅឋានសាធារណៈ មានតម្លៃសមរម្យពិសេសខិតខំ​អភិវឌ្ឍន៍ឡើងវិញ នូវអគារស្នាក់នៅរួម ចាស់ៗដែលមាន​សភាព​ទ្រុឌទ្រោម ដូចជាអគារប៊ូឌីញស ស្ថិតនៅខណ្ឌចំការមនជាដើម។ ជាមួយគ្នានេះដែល លោកទេសរដ្ឋមន្ត្រី ក៏បានស្នើសុំ លោកឯកអគ្គរដ្ឋទូត​ពិនិត្យលទ្ធភាព​ផ្តល់ជំនួយហិរញ្ញប្បទាន ជាថវិកាលើក​ទឹកចិត្តដល់ក្រុមការងារចុះដោះស្រាយវិវាទដីធ្លីដែលត្រូវចុះដោះស្រាយវិវាទដីធ្លីផ្ទាល់នៅតាមបណ្តារាជធានីខេត្ត ដោយបន្ថែមលើ​ថវិកាលើកទឹកចិត្តចំនួន១លានរៀល ដែលក្រសួងបានផ្តល់ជូនសម្រាប់​ក្រុមនីមួយៗ ដែលបានដោះស្រាយវិវាទដោយជោគជ័យ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានសម្តែង​នូវអំណរសាទរចំពោះ លោកទេសរដ្ឋមន្ត្រី ដែលបានទទួលមុខដំណែងថ្មី និងមាន​កិច្ចការងារសំខាន់ៗជាច្រើន ក្រោមសមត្ថិកិច្ចរបស់ក្រសួងក្នុងការរួម​ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច​ក្នុងព្រះរាជា​ណាចក្រកម្ពុជា និងសំដែងការកោតសរសើរចំពោះ លោកទេសរដ្ឋមន្ត្រី ដែលតែងតែ​មានចក្ខុវិស័យវែងឆ្ងាយក្នុងកិច្ចការងារកន្លងមក ចាប់តាំងពី លោកទេស​រដ្ឋមន្ត្រី នៅកាន់តំណែង​ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញមកម្លេះ។

ក្នុងនេះផងដែរ លោកឯកអគ្គរដ្ឋទូត ក៏នឹងសូមយកសំណើររបស់ លោកទេសរដ្ឋមន្ត្រី ទៅពិនិត្យនិងដើម្បីរកកញ្ចប់ថវិការបស់ស្ថានទូត និងធ្វើការជូនដំណឹងមកក្រសួងវិញក្នុងពេលឆាប់ៗនេះ ។ លើសពីនេះ លោកទេសរដ្ឋមន្ត្រី ក៏បានយល់ព្រមនឹងសំណើររបស់ លោកឯកអគ្គរដ្ឋទូត ដែលបានស្នើសុំជួបជាមួយ ក្រុមការងារចុះដោះស្រាយវិវាទដីធ្លីរបស់ក្រសួងផ្ទាល់ ដើម្បីធ្វើការស្វែងយល់ឲ្យ​បានកាន់តែច្បាស់អំពីនីតិវិធីនៃការដោះស្រាយវិវាទដីធ្លីរបស់ក្រសួង ពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុង ការស្វែងរកភាព​យុត្តិធម៌ ដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ ។ ជាចុងបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានជូនពរ លោក William A. Heidt និងក្រុមការងារទាំងអស់ទទួលបានជោគជ័យក្នុងបេសកកម្មក្នុងកម្ពុជា នឹងសង្ឃឹមជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំង២ ៕