(ភ្នំពេញ)៖ ជំរាបសួរលោក Fresh News នៅព្រឹកមិញនេះ ខ្ញុំស្ដាប់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅក្នុងវេទិកាស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិ​នៅវិមានសន្តិភាព ខ្ញុំបានស្ដាប់ឮសម្ដេចលោកមានប្រសាសន៍រិះគន់ពាក់ព័ន្ធបទល្មើសព្រៃឈើ និងជលផល សមត្ថកិច្ចចាប់បានតែឈ្មួញ និងអ្នកនេសាទល្មើសច្បាប់តូចតាចទេ យកទៅដាក់គុក។ ចំណែកឈ្មួញធំៗចាប់មិនដែលបានឡើយ។

ការប្រតិកម្មរិះគន់របស់សម្ដេចនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឲ្យខ្ញុំនឹកឃើញដល់បទបញ្ជារបស់សម្ដេចកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦កន្លងទៅ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលសម្ដេចបញ្ជា ឲ្យបង្ក្រាបការនាំឈើទៅប្រទេសវៀតណាម រួមទាំងបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបផងដែរ តែរហូតមកដល់ពេលនេះ ស្ងាត់ជ្រាបដូចជាគ្មានឃើញមុខឈ្មួញឈើគ្រាក់ៗ ដែលមានសក្ដិសុទ្ធតែវរសេនីយ៍ ឧត្តមសេនីយ៍ និងឧកញ៉ាណាម្នាក់ត្រូវបានសមត្ថកិច្ច និងគណៈកម្មការចាប់វាយខ្នោះកសាងសំណុំរឿងបញ្ជូនទៅតុលាការនោះឡើយ។

ខាងលើនេះជាខ្លឹមសាររបស់មិត្តអ្នកអានដែលផ្ញើមកឲ្យFresh News ជួយផ្សាយលើកជាចម្ងល់ក្រែងលោសម្ដេចតេជោនឹកឃើញ នឹងមានវិធានការពាក់ព័ន្ធរឿងឈ្មួញបំផ្លាញឈើគ្រាក់ៗ ដែលភាគច្រើនមានងារជាឧកញ៉ា ឬជាឧត្តមសេនីយ៍ វរសេនីយ៍រកស៊ីបទល្មើសព្រៃឈើទាំងអស់នោះឡើងវិញដើម្បីទុកធ្វើជាគំរូកុំឲ្យអ្នកក្រោយៗរកស៊ីល្មើសច្បាប់តាមតទៅទៀត។

មិត្តអ្នកអានដែលទំនងជាអ្នកដឹងរឿងបានលើកឡើងទៀតថា ក្រោយសម្ដេចតេជោ ហ៊ុន សែន បញ្ជានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ រួមទាំងបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសនាំឈើចេញទៅប្រទេសវៀតណាមរួចមក គឺមានឈើប្រណិត និងឈើមូលរាប់ម៉ឺនម៉ែត្រគូប ត្រូវបានគណៈកម្មការបង្ក្រាបបានពីតាមឃ្លាំងស្តុក តាមក្រុមហ៊ុនព្រៃសម្បទានសេដ្ឋកិច្ច និងតាមព្រៃនានាដែលពួកឈ្មួញគ្រាក់ៗកាប់ និងប្រមូលទិញដើម្បីនាំចេញយកទៅលក់នៅប្រទេសវៀតណាម។

ក្នុងនោះគេដឹងថា មានឈ្មួញឈើគ្រាក់ៗខ្លះជាឧកញ៉ា ខ្លះជាឧត្តមសេនីយ៍ ខ្លះជាវរសេនីយ៍ ប្រមាណជិត៣០នាក់ ត្រូវបានគណៈកម្មការស្រាវជ្រាវរកឃើញពាក់ព័ន្ធបទ​ល្មើសព្រៃឈើនេះដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ តែក្រោយមកក៏ចេះតែស្ងាត់ទៅៗ ហើយគេលេចឮព័ត៌មានថា បញ្ជីឈ្មោះនោះត្រូវបានរំសាយចោលវិញហើយ ព្រោះប៉ះសុទ្ធតែគ្នាឯង រហូតធ្វើឲ្យក្រុមឧកញ៉ាជាឈ្មួញឈើគ្រាក់ៗខ្លះបបួលគ្នាជួបជុំជប់លៀងអបអរនៅ​ភូមិគ្រឹះ​របស់ឧកញ៉ា ជាឈ្មួញឈើដ៏ល្បីឈ្មោះមួយរូបក្នុងបុរីទន្លេបាសាក់ ហើយចុងក្រោយផ្អើលនឹងរថយន្តស៊ីរ៉ែន នាំគ្នារត់ផ្លោះរបងបាតជើងសព្រាតនឹកស្មានថា សមត្ថកិច្ចទៅព័ទ្ធចាប់ទៀតផង។

មិត្តអ្នកអានខាងលើបានសុំឲ្យ Fresh News ជួយផ្សាយរំលឹកផង ក្រែងលោសម្ដេចតេជោនឹកឃើញឡើងវិញ ព្រោះការរិះគន់របស់សម្ដេចនាពេលនេះក៏វាមានពាក់ព័ន្ធទៅនឹងបទបញ្ជារបស់សម្ដេចតេជោ កាលពីពេលកន្លងទៅផងដែរ ខណៈដែលបទបញ្ជារបស់សម្ដេចឲ្យទប់ស្កាត់ និងបង្ក្រាបបទល្មើសការនាំឈើចេញទៅវៀតណាមដ៏ម៉ឺងម៉ាត់នោះ គឺគ្មានឈ្មួញឈើធំៗណាម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅតុលាការនោះឡើយ លើកលេងតែឈ្មួញតូចតាចប៉ុណ្ណោះ៕