(ក្រុងហូជីមិញ)៖ មន្រ្តីកម្ពុជាចំនួន២០រូប ទទួលបានការបណ្តុះបណ្តាល ស្តីពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនពីភាគីវៀតណាម។ កម្មវិធីនេះ ត្រូវបានប្រារព្វធ្វើនៅថ្ងៃទី២២-២៥ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ។

ភាគីវៀតណាម ដឹកនាំលោក ឡេ តិនដាវ អនុប្រធាននាយកដ្ឋានប្រចាំការអចិន្រ្តៃយ៍នៃអគ្គនាយកដ្ឋានតម្រួត ចំណែកភាគីកម្ពុជា ដឹកនាំដោយលោក លឹម តុងហួត អនុប្រធាននាយកដ្ឋាននីតិកម្មអប់រំ និងស្តារនីតិសម្បទា ដែលមានសមាសចូលរួមពីភាគីកម្ពុជាមានតំណាងក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មណ្ឌលសុខភាព ដែលមានបំពាក់សេវាព្យាបាល តំណាង មណ្ឌលរដ្ឋ និងឯកជន ចំណែកខាងភាគីវៀតណាម មានតំណាងក្រសួងសន្តិសុខ ក្រុមវេជ្ជបណ្ឌិតជំនាញខាងព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក និងពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តីលើការងារព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន នៅកម្ពុជា ។

នៅក្នុងឱកាសនោះ លោក ឡេ តិនដាវ ថា បញ្ហាគ្រឿងញៀនជាបញ្ហាស្មុគស្មាញដែលនាំឱ្យមានកើតឡើងភាពអសន្តិសុខ បាត់សណ្តាប់ធ្នាប់សាធារណ ហើយគណៈកម្មាធិការត្រួតពិនិត្យគ្រឿង​ញៀនអេដស៍ និងពេស្យាចារវៀតណាម បានខិតខំធ្វើការងារអប់រំ ផ្សព្វផ្សាយ បង្ការ បង្រ្កាប ដោះស្រាយ និងលុបបំបាត់ដំណាំគ្រឿងញៀនគ្រប់ប្រភេទ ហើយការព្យាបាលស្តារនីតិសម្បទាជន​រងគ្រោះ​ដោយគ្រឿងញៀន សមាហរណកម្មពួកគេចូលក្នុងសង្គមជាតិវិញជាបញ្ហាសំខាន់ ដោយលោកបានសំណូមពរអោយក្រុមគ្រូពេទ្យ និងអ្នកពាក់ពន្ធ័ទាំងអស់កម្ពុជា-វៀតណាម ខិតខំជជែកពិភាក្សា ចែករំលែកបទពិសោធន៍ ទៅវិញទៅមក ដើម្បីឱ្យវគ្គបណ្តុះបណ្តាលយើងទទួលបានលទ្ធផលល្អ ។

ថ្លែងបើកសិក្ខាសាលានោះ លោក លឹម តុងហួត បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលរយះពេល៥ថ្ងៃនេះមានសារៈសំខាន់ណាស់ ចំពោះយើងទាំងអស់គ្នា ដោយលោកបានបញ្ជាក់ថាការងារគ្រឿងញៀនជា ការងាររួមរបស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាដោះស្រាយ ហើយការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនជាផ្នែកមួយយ៉ាងសំខាន់ដើម្បីបង្ការ កាត់បន្ថយបានបទល្មើស និងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងសហគមន៍នមូលដ្ឋាន ។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណ ក្នុងនាមអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់ក្រសួងសុន្តិសុខ ដែលតែងតែធ្វើការបណ្តុះបណ្តាលដល់មន្រ្តីកម្ពុជា លើការងារ​ព្យា​បាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ពិសេសគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន អេដស៍ និងពេស្យាចារ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ស្អិតរមួតលើការងារ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ។
ក្នុងឱកាសនោះ លោកបានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវតែខិតខំយកចិត្តទុកដាក់ស្តាប់ និងសិក្សាស្វែងយល់ពីខ្លឹមសារ ដែលបានបង្ហាញដោយក្រុមវេជ្ជបណ្ឌិត​ជំនាញវៀតណាមនិងជជែក​ពិភាក្សាដើម្បី យកចំណេះដឹងទាំងអស់នោះទៅពង្រឹងសមត្ថភាពព្យាបាល និងស្តារនីតិសម្បទានៅតាមមណ្ឌលអោយបានល្អប្រសើរបន្ថែមទៀត និងបានធ្វើសំណូមពរទៅភាគីវៀតណាមឲ្យជួយបន្តទៀត ដល់ភាគីកម្ពុជា៕