(ភ្នំពេញ)៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ បានអវត្តមានសរុប១២០៧នាក់ ក្នុងស្រី៥០១នាក់។

គណនី Facebook ផ្លូវការរបស់ក្រសួងអប់រំ បានបញ្ជាក់ថា «ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទីមួយនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (គីមីវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (ភូមិវិទ្យា និងប្រវត្តិវិទ្យា) មានបេក្ខជនអវត្តមានសរុប​១២០៧នាក់ ស្រី៥០១នាក់ ដោយឡែកមានបេក្ខជន មានបញ្ហាសុខភាពមួយចំនួន ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម»។

ក្រសួងអប់រំ​ បានបន្ថែមថា ​ដំណើរការសំណេរសម្រាប់ព្រឹកថ្ងៃទីមួយ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ នៅតាមមណ្ឌល​ប្រឡង​នីមួយៗ បានមានដំណើរការភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការអនុរក្ស អ្នកសង្កេតការណ៍ និងអាជ្ញាធរមានសមត្ថ​កិច្ចពាក់ព័ន្ធ។ ដោយឡែក បេក្ខជនមានការគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា បាននិងកំពុងប្រព្រឹត្តិរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុប​៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា៣,៧៨២បន្ទប់ នៅរាជធានី-ខេត្តទាំង២៥៕