(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានចេញប្រតិបត្តិការបង្ក្រាបបានជនសង្ស័យ២នាក់ ដោយម្នាក់ជាមុខសង្ស័យ ចែកចាយគ្រឿងញៀនដ៏សកម្ម និងម្នាក់ទៀតជាមុខសញ្ញាកាច់កម៉ូតូ ព្រមទាំងដកហូតបានថ្នាំ មួយចំនួនផងដែរ នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ត្រី កុល ផល្លី ស្នងការងនគរបាល និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ បានឲ្យដឹងថា ករណីទី១ នៅម៉ោង១៨៖៣០នាទី កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលខេត្តកំពត បានធ្វើការស្ទាក់ចាប់បានជនសង្ស័យម្នាក់ ឈ្មោះ ជី វណ្ណះ អាយុ២១ឆ្នាំ ដែលបានធ្វើសកម្មភាពកាច់កម៉ូតូពីជនរងគ្រោះ ឈ្មោះ ផុន សុភា អាយុ៣២ឆ្នាំ បានសម្រេចនៅខេត្តព្រះសីហនុ។

លោក បញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញឃាត់ខ្លូនបាន និងធ្វើការដកហូតបានម៉ូតូ Wave ស៊េរីឆ្នាំ២០១៤ មួយគ្រឿង។

លោកឧត្តមសេនីយ៍ត្រីបានបន្ដថា ករណីទី២ នៅម៉ោង២២៖០៥នាទី នៅចំណុចក្រុមទី៩ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀនបានម្នាក់ឈ្មោះ ង៉ែត សុវណ្ណ អាយុ៤៦ឆ្នាំ ក្នុងនោះដែរសមត្ថកិច្ចដកហូតបានថ្នាំ​ញៀនមេតំហ្វេតាមីន១៩កញ្ចប់ ម្សៅក្រាម៦កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង លុយ១៩០,០០០​រៀល​។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់៕