(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ បានសម្រេច​ផ្តន្ទា​ទោស ​អ្នក​ស្រី​ ទេព​ វន្នី​ និង​ អ្នក​ស្រី​ ប៊ូវ​ សោភា​ ដែលជាសកម្មជន​បឹងកក់​ និងក៏ជាសកម្មជន Black Monday ក្នុង​ម្នាក់ៗឲ្យជាប់ពន្ធនាគារ​៦ថ្ងៃ​ និងពិន័យ​ជា​ប្រាក់​ចំនួន​៨ម៉ឺន​រៀល​ ពី​បទ​ប្រមាថ​តាម​មាត្រា​៥០២ នៃ​ក្រម​ព្រហ្មទណ្ឌ​។

សេចក្តីរាយការណ៍ភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក​ចៅក្រម​ ពេជ្រ​ វិជ្ជា​ធរ​ សម្រេច​កែ​ប្រែ​បទ ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ មក​ជា​បទ​ប្រមាថ​វិញ​ ដោយសកម្មជនបឹងកក់ទាំង២នាក់ ត្រូវជាប់គុក៦ថ្ងៃ និងពិន័យ៨ម៉ឺនរៀល។

ស្ត្រី​បឹងកក់​ពីរ​នាក់​ គឺ​ ឈ្មោះ​ ទេព​ វន្នី​ និង​ ឈ្មោះ​ ប៊ូវ​ សោភា​ ត្រូវ​បាន​លោក​ កែវ​ សុជាតិ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ ប៉ុន្តែត្រូវបានកែប្រែមកជា​បទ​ប្រមាថ​វិញ។

ទោះបី​យ៉ាងណា​ អ្នក​ស្រី​ ទេព​ វន្នី​ កំពុង​ជាប់​សំណុំរឿង​មួយ​ករណី​ទៀត​ ពី​បទ​ហិង្សា​ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់​ទោស​ តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក​ នូ​ វាសនា​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

សូមបញ្ជាក់ថា សកម្មជនដីធ្លីបឹងកក់២នាក់ អ្នកស្រី ទេព វន្នី និង ប៊ូវ សោភា ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ចុះទៅឃាត់ខ្លួន ខណ:​ដែលពួកគេ បាននិងកំពុងធ្វើសកម្មភាពយុទ្ធនាការអាវខ្មៅ។ យុទ្ធនាការអាវខ្មៅរបស់ សកម្មជនដីធ្លីខាងលើនេះ មិនត្រឹមតែប្រើរូបភាព ជាលក្ខណ:ប្រមូលផ្តុំនោះឡើយ គឺពួកគេបាន​ធ្វើរួបត្លុក ជាមនុស្សដោយសរសេរថា មន្រ្តីពុករលួយ តុលាការ អ្នកបញ្ជាសម្លាប់ និងឃាតក។ ពួកគេបានយករូបត្លុកទាំងនេះ ទៅកប់ចោលនៅក្នុងរណ្តៅដែលជីករួច ស្ថិតនៅទីតាំងបឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ៕