(ភ្នំពេញ)៖ កម្មករ-កម្មការិនី ប្រមាណ៣០០នាក់ បានប្រមូលផ្ដុំគ្នា នៅមុខវត្តបទុមវតី​ ផ្លូវស៊ូស្រ៊ុន​ ភូមិ៣​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ ដើម្បីដាក់ញ្ញត្តិស្នើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយអន្តរាគមន៍ទៅថៅកែរោងចក្រ​ Great Owner​ ឱ្យចេញមកដោះស្រាយប្រាក់អតីតភាព និងប្រាក់ខែជូនពួកគាត់ជាកម្មករ និយោជិត។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា កម្មករ-កម្មការីនី​នៃរោងចក្រ ហ្គ្រេតអនណឺរ ខាងលើនេះ ដឹកនាំដោយ​ លោក​ ណយ​ រដ្ឋា បានធ្វើដំណើរមកពីភូមិចំនួន៤​ ក្នុងឃុំស្វាយរលំ​ ស្រុកស្អាង​ ខេត្តកណ្តាល មានគ្នាប្រមាណ៣០០នាក់​ តំណាងឱ្យកម្មករ និយោជិតក្នុងរោងចក្រចំនួន៩៨២នាក់​។

គោលបំណងនៃការតវ៉ានេះដែរ​ គឺដើម្បីដាក់ញត្តិជូន សម្តេចតេជោ នាយករដ្ឋមនន្រ្តី​ ជួយអន្តរាគមន៍​ទៅថៅកែរោងចក្រ​ ចេញមកដោះស្រាយប្រាក់អតីតភាព ដែលអ្នកខ្លះធ្វើការបាន៨ឆ្នាំ​ ខ្លះបាន១៨ឆ្នាំ​ ព្រមទាំងសុំឱ្យថៅកែរោងចក្រ ទូទាត់ប្រាក់ខែចំនួន២ខែ​ ដែលនៅមិនទាន់បើកឱ្យកម្មករ នៅឡើយ។ ជាមួយគ្នានេះ តំណាងខុន្ទកាល័យ និងលោកអភិបាលខណ្ឌដូនពេញ គួច ចំរើន បានចេញមកទទួលញត្តិផងដែរ៕