(ព្រៃវែង)៖ កម្លាំងនគរបាលខេត្តព្រៃវែង បានចាប់ខ្លួនមុខសញ្ញាប្លន់សម្លាប់យកម៉ូតូពីប្រជាពលរដ្ឋ នៅស្រុកស្វាយលើ ខេត្តសៀមរាប កាលពីចុងខែកក្កដា ឆ្នាំ២០១៦កន្លងទៅ បន្ទាប់មកបានរត់គេចខ្លួនដល់ទឹកដី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ទីដែលត្រូវអស់ល័ក្ខណ៍។

ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានបញ្ជាក់នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះថា «មុខសញ្ញានេះ បានចាក់សម្លាប់អ្នករត់ម៉ូតូនៅខេត្តសៀមរាប ហើយបានយកម៉ូតូរបស់ជនរងគ្រោះមកកាន់ខេត្តព្រៃវែង លុះនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានសហការណ៍ជាមួយនគរបាលស្រុកពោធិ៍រៀង ចុះល្បាតចល័តរហូតធ្វើការឃាត់ខ្លួនបានតែម្តង នៅចំណុចភូមិភ្លយ ឃុំតាកោ ស្រុកពោធិ៍រៀង»។

លោកឧត្តមសេនីយ៍ស្នងការបានបន្តថា មុខសញ្ញាចោរប្លន់ដែលចាក់សម្លាប់គេនេះមានឈ្មោះ សាក់បូរី អាយុ១៧ឆ្នាំមានទីលំនៅភូមិកន្តួត ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្រោយការឃាត់ខ្លួនជនល្មើសបានសារភាពថា ចំពោះម៉ូតូនេះខ្លួនបានប្លន់សម្លាប់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ៦៖៣០នាទីព្រឹក នៅស្រុកស្វាយលើ ខេត្តសៀមរាប។

បើតាមលោកស្នងការ ពេលឃាត់ខ្លួនបានភ្លាមៗនោះ ជនសង្ស័យរូបនេះមិនបានសារភាព នូវទង្វើចាក់សម្លាប់ប្លន់យកម៉ូតូពីជនរងគ្រោះទេ គ្រាន់តែថាលួចម៉ូតូ ភ្លាមៗនោះលោកបានទាក់ទងទៅកាន់នគរបាលខេត្តសៀមរាប ទើបដឹងថាជននេះពិតជាបានចាក់សម្លាប់អ្នករត់ម៉ូតូឌុបយកម៉ូតូមែន ហើយក្រោយពេលទៅសួរនាំទៀត ទើបជននេះបានសារភាពពីការពិតតែម្តង។

សម្រាប់ជនសង្ស័យរូបនេះ នគរបាលខេត្តព្រៃវែង បាននឹងកំពុងតែរៀបចំសំណុំបែបបទប្រគល់ទៅឲ្យនគរបាលខេត្តសៀមរាប ដែលជាម្ចាស់ករណី ដើម្បីចាត់ការតាមច្បាប់៕