(ព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ លោកស្រី ហ៊ុន គឹមឡេង ភរិយានាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងផ្តាំផ្ញើ និងបកស្រាយនូវ បញ្ហាមួយចំនួនតាមរយៈអង្គភាពព័ត៌មាន Fresh News ជូនសាធារណជនថា ការឧបត្ថម្ភថវិកាផ្ទាល់ខ្លួនសរុបប្រមាណ ៤ពាន់ដុល្លារអាមេរិក ដល់ក្រុមម៉ូតូទឹក នៅឆ្នេរសមុទ្រ អូរឈើទាល ដែលបានប្រថុយនឹងគ្រោះថ្នាក់ចេញជួយសង្រ្គោះជីវិតបងប្រុសលោកស្រី គឺដោយសារអ្នកទាំង៣នាក់នោះ គឺជាអ្នកចុះជួយដោយផ្ទាល់ ស្រង់ជនរងគ្រោះចេញពីផ្ទៃសមុទ្រ។ ដូច្នេះទើបលោកស្រី សម្រេចជួយឧបត្ថម្ភថវិកាដល់ពួកគាត់ ដើម្បីជាការលើកទឹកចិត្ត។

លោកស្រី ហ៊ុន គឹមឡេង បានថ្លែងបញ្ជាក់ប្រាប់ Fresh News ទៀតថា ការចេញមុខមកអះអាងនៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីមាន ក្រុមម៉ូតូទឹកមួយចំនួនទៀត បានទាមទារចំណែករបស់ខ្លួន ដែលមានរហូតដល់ចំនួន៧ក្រុម, លើបញ្ហានេះលោកស្រីបានឆ្លើយតបថា លោកស្រីផ្តល់ថវិកាជូននេះសម្រាប់អ្នកដែលមាន ទឹកចិត្តចុះជួយបងប្រុសរបស់លោកស្រី ដែលមានឈ្មោះ ហ៊ុន ស៊ាងហេង ផ្ទាល់តែប៉ុណ្ណោះ, ប៉ុន្តែទោះបីយ៉ាងណាលោកស្រី ក៏សូមថ្លែងអំណរគុណ ចំពោះបងប្អូនក្រុមម៉ូតូទឹកផ្សេងទៀត ដែលចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដទៃឲ្យរួចផុតពីស្លាប់នៅក្នុងសមុទ្រ។

ភរិយានាយឧត្តមសេនីយ៍ នេត សាវឿន បានបន្តឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ (ល្ងាចថ្ងៃអាទិត្យនេះ) បងប្រុសរបស់លោកស្រី មិនទាន់ស្រួលទាំងស្រុងនោះទេ នៅរវើយរវាយនៅឡើយ ដោយក្រុមគ្រូពេទ្យកំពុងតាមដានអាការៈបន្ត។

ថ្លែងចេញពីមន្ទីរពេទ្យក្រុងព្រះសីហនុ លោក ហ៊ុន ស៊ាងហេង ដែលទើបរួចផុតពីការលង់ទឹក និងជាបងប្រុសបង្កើតរបស់លោកស្រី ហ៊ុន គឹមឡេង ក៏បានថ្លែង អំណរគុណយ៉ាងខ្លាំងបំផុត ចំពោះបងប្អូនម៉ូតូទឹក៣នាក់ ដែលជួយជីវិតរបស់គាត់។ លោក ហ៊ុន ស៊ាងហេង ថ្លែងទាំងសម្តីតិចៗក្នុងអការៈមិនទាន់ស្រួលខ្លួន ដោយមានខ្លឹមសារថា «មួយជីវិតរបស់ខ្ញុំនេះ ខ្ញុំមិនភ្លេចគុណអ្នកទាំង៣នាក់ ដែលជួយជីវិតខ្ញុំ ដែលបានលង់ទឹក, ខ្ញុំសូមអរគុណយ៉ាងអនេក ចំពោះទឹកចិត្តរបស់ពួកគាត់»

សូមជំរាបថា នៅវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ មានក្រុមអ្នកលេងទឹកសមុទ្រមួយក្រុម ពេលកំពុងជិះពោងលេងទឹកសមុទ្រ ក៏ត្រូវបានរលកសមុទ្រ ក្រោមឥទ្ធិពលខ្យល់បោកបក់យ៉ាងខ្លាំងធ្វើឲ្យពួកគេមិនអាចហែលចូលឆ្នេរបាននោះឡើយ។ ភ្លាមៗនោះ ក្រុមម៉ូតូទឹក ក៏បានចេញជួយ សង្រ្គោះភ្លាមៗផងដែរ តែជាអកុសល្យបុរសម្នាក់ បានឈ្លក់ទឹករហូត ដល់ស្លាប់បាត់បង់ជីវិត និងមួយចំនួនរួចផុតពីសេចក្តីស្លាប់។

បន្ទាប់ពីកើតហេតុ សមាជិកក្រុមគ្រួសាររបស់នាយឧត្តមសេនីយ៍ នេត សាវឿន ឈ្មោះ ហ៊ុន ស៊ាងហេង ក៏បានរួចផុតពីសេចក្តីស្លាប់ ដោយសារក្រុមម៉ូតូទឹក៣នាក់ ជួយសង្គ្រោះ, ហើយថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនសរុបប្រមាណ ៤ពាន់ដុល្លារអាមេរិក ដល់ក្រុមម៉ូតូទឹកចំនួន៣នាក់ ម្នាក់ៗ១ពាន់ដុល្លារ, មេការម៉ូតូទឹក ៥០០ដុល្លារ និងថៅកែម៉ូតូទឹក ៥០០ដុល្លារ៕

លោក ហ៊ុន ស៊ាងហេង ដែលទើបផុតពីការលង់ទឹក