(ព្រៃវែង)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារជំនាញរ៉ែ នៃមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង បានចុះត្រួតពិនិត្យដេប៉ូខ្សាច់របស់ លោក ស៊ីវ សាមឿន ដែលមានទីតាំងនៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ព្រោះដេប៉ូខ្សាច់មួយនេះ បានបង្កឱ្យមានកំណកដីល្បាប់ភក់ ខ្សាច់ នៅមុខទីតាំងដេប៉ូផ្ទាល់ និងមានដីខ្សាច់ជ្រុះនៅតាមផ្លូវពីការដ្ឋាន ទៅកាន់គោលដៅអាជីវកម្មរបស់គាត់។

ហេតុដូច្នេះ មន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង បានធ្វើការណែនាំ និងកំណត់រយៈពេលមួយសប្ដាហ៍ឱ្យម្ចាស់ដេប៉ូមួយនេះ លាងសម្អាតបណ្តោយផ្លូវនោះ និងរៀបចំខាងមុខដេប៉ូ ឱ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវ និងស្អាតឡើងវិញ។ ក្នុងករណីដែលម្ចាស់ដេប៉ូមិនអនុវត្តតាមការណែនាំ ដែលមានក្នុងកំណត់ហេតុ មន្ទីររ៉ែនិងថាមពល នឹងបិទទីតាំងដេប៉ូនោះ ដោយមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មបន្តទៀតឡើយ៕