(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបទីតាំង ជល់មាន់មួយកន្លែង ស្ថិតនៅក្នុងដីឡូត៍ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ដោយធ្វើការឃាត់ខ្លួន មនុស្ស ៩នាក់ ក្នុងនោះមានអ្នកកាសែតម្នាក់នៅអង្គភាព កម្ពុជាជោគជ័យ ព្រមទាំងដកហូតមាន់មួយក្បាល រួមទាំងម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត។

លោក គិន វណ្ណ: អធិការរងនគរបាលខណ្ឌ ដែលដឹកនាំកម្លាំងចុះបង្ក្រាប វង់ល្បែងមួយនេះ បានឲ្យដឹងថា ក្រោយទទួលព័ត៌មានស្តីពីទីតាំងល្បែងជល់មាន់ខាងលើនេះ កម្លាំងរបស់លោកក្រោមការ បញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានចុះទៅបង្ក្រាបជាក់ស្តែង ហើយពេលចុះនោះ អ្នកញៀនល្បែងជាច្រើននាក់ បាននាំគ្នារត់ព្រោងព្រាត ប៉ុន្តែមនុស្ស៩នាក់រត់មិនរួចក៏ត្រូវចាប់ខ្លួនតែម្តង។

សម្រាប់មនុស្សទាំងនេះ ត្រូវបានយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីរង់ចាំការសួរនាំ និងចាត់វិធានការបន្តទៀត។

សេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា អ្នកកាសែតដែលត្រូវបានឃាត់ខ្លួននោះត្រូវបាន សមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅវិញហើយ បន្ទប់ពីសួរនាំទៅគឺមិនជាប់ពាក់ព័ន្ធ នឹងបទល្មើសនេះឡើយ ពោលគឺជាអ្នកផ្តល់ព័ត៌មាន ឲ្យសមត្ថកិច្ចដើម្បីចុះទៅបង្ក្រាបតែប៉ុណ្ណោះ៕