(ភ្នំពេញ)៖ ដោយមើលឃើញពីភាពខ្វះខាត ក៏ដូចជាតម្រូវការចាំបាច់ របស់មន្ទីពេទ្យគន្ធបុប្ផា សហគមឱសថការីខ្មែរបារាំង GFC PHARMA និងសហគមឱសថការីខ្មែរបារាំង រួមសហការជាមួយក្រុមការងារ ចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប បានរួមគ្នាបង្កើតកម្មវិធីសប្បុរសធម៌ «រាត្រីរ៉ង់ដេវូ» ដើម្បីស្វែងរកការឧបត្ថម្ភជួយ ទៅដល់មូលនិធិមន្ទីពេទ្យគន្ធបុប្ផា ដែលកម្មវិធីនេះ ប្រព្រឹត្តិឡើង នាសណ្ឋាគារសុខាភ្នំពេញ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។

កម្មវិធីសប្បុរសធម៌ «រាត្រីរ៉ង់ដេវូ» មានការចូលរួមជាអធិបតិភាពពីលោកស្រី ពុំ ចាន់ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ហ៊ុន​ ម៉ាណែត ប្រធានក្រុមការងារចាត់តាំងយុវជននៅក្រៅប្រទេស និងមានការចូលរួមពីបណ្តាសប្បុរសជនប្រមាណ ៦០០នាក់។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងកោតសសើរ និងជម្រុញលើកទឹកចិត្ត ចំពោះសប្បុរសជន និងការចូលរួមចំណែកនានា ក្នុងស្មារតីសាមគ្គីភាព ជាតិសាសន៍ខ្មែរ ពីសំណាក់ប្រជាជន​​ខ្មែរ ដែលរស់នៅក្នុង និងក្រៅប្រទេស ក៏ដូចជាថ្នាក់ដឹកនាំ និងសហការីរបស់ក្រុមសហគឱសថការរីខ្មែរបារាំង GFC PHARMA និងសហគមឱសថការីខ្មែរបារាំង និងប្អូនក្រុមការងារយុវជនទ្វីបអឺរ៉ុបទាំងអស់ ដែលបានខិតខំផ្ដួចផ្ដើមគំនិត និងការរៀបចំពិធីសមោសរនារាត្រីនេះ ក្នុងគោលបំណង ស្វែងរកការឧបត្ថម្ភនានា ដើម្បីជួយទ្រទ្រង់ដល់មូលនិធិគន្ធបុប្ផា ហើយនេះគឺជាការបង្ហាញ នូវស្មារតីមហាគ្រួសារខ្មែរតែមួយ និងជាការបំពេញកាតព្វកិច្ច ក្នុងនាមជាជនជាតិខ្មែរ ដើម្បីខ្មែរ និងមនុស្សជាតិ។

គួរបញ្ជាក់ថា កម្មវិធីសប្បុរសធម៌នេះ ទទួលបានថវិកាជាបណ្តោះអាសន្ន នូវទឹកប្រាក់ចំនួន ៨០,៧០០ដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងព្យាបាលជំងឺកុមារកម្ពុជារាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ៕