(ភ្នំពេញ)៖​ ក្រុមហ៊ុន​ មីរ៉ាខល​ អហ្វ​ ឃែភីថល​ ខេមបូឌា​ អិលធីឌី​ ហៅកាត់ថា​ MOC គឺជាក្រុមហ៊ុនដែលផ្ដល់ការបណ្ដុះបណ្ដាល ពីរបៀបនៃការវិនិយោគ​ និងបៀបនៃការដាក់ទុន ដើម្បីទាក់ទាញ បានអ្នកវិនិយោគច្រើន​ បើកជាផ្លូវការហើយនៅល្ងាចថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០១៦​។​

ពិធីបើកដំណើរការនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារអ៉ីនធ័រខន​ ក្រោមវត្តមានលោក​ ស៊ឹម​ រិទ្ធី​ អគ្គនាយកក្រុមហ៊ុន MOC, រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ និងតំណាងស្ថានទូតម៉ាឡេស៊ី​ នៅកម្ពុជា​ ព្រមទាំងបណ្ដាលក្រុមហ៊ុនវិនិយោគទុន​ ជាច្រើនទៀតផងដែរ។

លោក​ ស៊ឹម​ រិទ្ធី​ អគ្គនាយក​ MOC បានឲ្យដឹងថា​ ក្រុមហ៊ុនបណ្ដុះបណ្ដាលនេះ​ គឺបានបើកដំណើរការ ១៨ប្រទេសទូទាំពិភពលោក​ ប៉ុន្ដែនេះជាលើកដំបូងបង្អស់នៅកម្ពុជា​ ហើយមានចក្ខុវិស័យ ដើម្បីជួយម្ចាស់អាជីវកម្មផ្សេងទៀត ជាច្រើន​ ដើម្បីរៀបចំរចនាសម្ព័ន្ធអាជីវកម្មរបស់ខ្លួន ឲ្យបានត្រឹមត្រូវ​ ដោយអនុលោមតាមស្ដង់ដារពិភពលោក​ នៃទីផ្សារភាគហ៊ុន។

លោក​បានបញ្ជាក់ថា​ «យើងបង្រៀនម្ចាស់អាជីវកម្មទាំងអស់​ មិនត្រឹមតែនាំក្រុមហ៊ុនទៅដល់ IPO (បោះផ្សាយលក់ភាគហ៊ុន)​ ប៉ុណ្ណោះទេ​ ប៉ុន្ដែថែមទាំងវិធីសាស្ដ្រ​ ក្នុងការបង្កើតមូលធនថែមទៀតផង»

លោក​ ស៊ឹម​ រិទ្ធី​ បានបន្ថែមថា​ ការរួមបញ្ចូលគ្នា​ និងការទិញយកក្រុមហ៊ុនដទៃ​ គឺតែងតែជួបប្រទះការលំបាកជាច្រើន ​ដែលក្រុមហ៊ុនចង់សហការគ្នា​ ដើម្បីធ្វើការវិនិយោគកាន់តែធំជាមុន​ ប៉ុន្ដែក្នុងនោះ​ MOC នឹងធ្វើការបង្ហាញពីគន្លឹះ​ យ៉ាងសាមញ្ញបំផុត​ ដើម្បីឲ្យអ្នកវិនិយោគទាំងអស់ឈឺក្បាល។

ជាមួយគ្នានោះដែរ​ លោកអគ្គនាយក​ បានបញ្ជាក់ថា​ សម្រាប់អ្នកដែលមានបំណងចង់ចូលសិក្សាវគ្គបណ្ដុះបណ្ដាលនេះ​ គឺមិនមានលក្ខខណ្ឌអ្វីទាំងអស់​ ឲ្យតែចេះភាសាអង់គ្លេស​ ហើយវគ្គសិក្សានេះមានតម្លៃ ៨០០០ដុល្លារ​ សិក្សារយៈពេល៣ថ្ងៃតែប៉ុណ្ណោះ៕