(ភ្នំពេញ)៖ នៅថ្ងៃច័ន្ទស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុង វេទិកាស្តីពីការការពារ និងអភិរក្សធនធាន ធម្មជាតិ នៅវិមានសន្តិភាព នាសាលាប្រជុំរំដួល វេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

កម្មវិធី វេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នេះគឺរៀបចំឡើងដោយក្រសួងបរិស្ថាន ដោយមានអ្នកចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍​មូលដ្ឋាន និងសកម្មជនអភិរក្សធនធានធម្មជាតិ​ មួយចំនួនទៀតរួមមាន ព្រះសង្ឃ សិល្បករ កីឡាករ និងយុវជនដែលបានចូលរួមក្នុងសកម្មភាពការពារធនធានធម្មជាតិ និងការអភិរក្សចម្រុះ សរុបប្រមាណជាង ៧០០នាក់ ត្រូវបានរំពឹងថានឹងចូលរួមក្នុងវេទិកានេះ។

Fresh News TV នឹងធ្វើការផ្សាយផ្ទាល់កម្មវិធីនេះ ពីវិមានសន្តិភាព៕