(ភ្នំពេញ)៖ អតីតយុទ្ធជន និង កងទ័ពតាមបណ្តាកងពលនានា ដែលកំពុងឈរជើងការព្រំដែន និងបូរណភាពទឹកដី បាននាំគ្នាចេញលិខិតសម្តែងការមិនពេញចិត្ត និងប្រកាសប្រឆាំងដាច់ខាត ចំពោះសំណើតម្កល់ រូបសំណាករបស់លោក កែម ឡី នៅលើទីលានប្រជាធិបតេយ្យ។

នៅក្នុងលិខិតតវ៉ារបស់អតីតយុទ្ធជន និងកងទ័ពបានលើកឡើងថា សកម្មភាពរបស់លោក កែម ឡី មិនមានគុណសម្បត្តិសម្រាប់ជាតិ ប្រៀបស្មើពួកគេជាអ្នកបាន ពលីសាច់ស្រស់ឈាមស្រស់ និងខ្លះរហូតដល់ធ្លាក់ខ្លួនពិការ ថែមទៀតផង ដើម្បីបុព្វហេតុជាតិមាតុភូមិនាំមកនូវសុខសន្តិភាព និងស្ថេរភាពសង្គមដូចពេលបច្ចុប្បន្ន ដែលមិនគួរនឹងទទួលបានការ តម្កល់រូបសំណាកលើ ទីលានប្រជាធិបតេយ្យនោះឡើយ។

ការចេញមកតវ៉ាប្រឆាំងរបស់អតីតយុទ្ធជន និងកងទ័ព បានធ្វើឡើងភ្លាមៗ បន្ទាប់ពីគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៧ ខែសីហា កន្លងទៅនេះ បានស្នើសាលារាជធានីភ្នំពេញ សុំតម្កល់រូបសំណាកលោក កែម ឡី នៅលើទីលានប្រជាធិបតេយ្យ ដើម្បីធ្វើជានិមិត្តរូបនៃការបញ្ចេញមតិ។ សំណើរបស់គណបក្ស ប្រឆាំង បានធ្វើស្របពេលជាមួយ ដែលអង្គការសង្គមស៊ីវិលនានា គ្រោងធ្វើយុទ្ធនាការផ្សេងៗ ក្នុងបំណងស្វែងរកយុត្តិធម៌ជូនសពលោក កែម ឡី។

នៅក្រោយសំណើបក្សប្រឆាំងបានដាក់ដល់ សាលារាជធានីភ្នំពេញ អតីតយុទ្ធជន និងកងទ័ពនៅបណ្តាកងពលនានាទូទាំងប្រទេស បានចេញមកប្រតិកម្ម និងប្រឆាំងសំណើនេះជាបន្តបន្ទាប់។

នៅក្នុងលិខិតប្រឆាំងតវ៉ារបស់អតីតយុទ្ធ ក៏ដូចជាកងទ័ព ដែល Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ បាន លើកឡើងថា លោក កែម ឡី ពុំធ្លាប់មានគុណបំណាច់ ចំពោះជាតិមាតុភូមិ ឲ្យសក្តិសម និងផ្តល់កិត្តិយសរហូតតម្កល់រូបសំណាកនៅលើ ទីលានប្រជាធិបតេយ្យនោះឡើយ។

ក្នុងលិខិតបានបន្តថា កងទ័ព ជាពិសេសអតីតយុទ្ធជន បានធ្វើពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុរំដោះជាតិ ប្រជាជនការពារប្រទេសជាតិ មាតុភូមិ តាំងពីឆ្នាំ១៩៧៩ ទាំងមិនមានប្រាក់ខែ មានតែរបបអង្ករ ២២គីឡូក្រាម ហើយត្រូវរំលែក ៦គីឡូក្រាមទៀត ដើម្បីជួយប្រជាជន ដែលជួបគ្រោះអត់ឃ្លានដោយសារ ទើបតែរួចផុតពីរបបប្រល័យពូជសាសន៍។ ក្នងចំណោមនោះ មានយុទ្ធមិត្តរួមអាវុធជាច្រើន បានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីនាំមកនូវសុខសន្តិភាព ជូនប្រទេសជាតិដូចសព្វថ្ងៃ។

ក្នុងលិខិតតវ៉ារបស់អតីតយុទ្ធ និងកងទ័ព បានចោទជាសំណួរថា តើលោក កែម ឡី បានលះបង់ ឬមានស្នាដៃស្មើនឹងគេដែរឬទេ? ហេតុអ្វី ក៏មិនដែលឃើញ បក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ទាមទារឬស្នើសុំឲ្យមាន ការសាងសង់រូបសំណាករបស់យុទ្ធជន ដែលបានពលីជីវិតដើម្បីជាតិ?

ក្នុងលិខិតបានបញ្ជាក់ដូច្នេះ «សូមធ្វើការប្រឆាំងដាច់ខាត ចំពោះសំណើរបស់ ក្រុមជ្រុលនិយមមួយចំនួន សុំដាក់រូបសំណាករបស់លោក កែម ឡី នៅទីលានប្រជាធិបតេយ្យ ដើម្បីរំលឹកវីរៈភាពរបស់គាត់ ដោយសារតែលោក កែម ឡី ពីមុនមកពុំធ្លាប់មានគុណ បំណាច់ចំពោះជាតិមាតុភូមិ ឲ្យសក្តិសមនិងការផ្តល់កិត្តិយសបែបនេះឡើយ សកម្មភាពរបស់គាត់ ជារឿងឯកជនសុទ្ធសាធ»។  

អតីតយុទ្ធជន និងកងទ័ព បានចាត់ទុកសំណើតម្កល់រូបសំណាកលោក កែម ឡី គ្រាន់តែជាទង្វើរបស់ជនឱកាសនិយម និងជ្រុលនិយមមួយចំនួន ដើម្បីស្វែងរកប្រជាប្រិយភាពបំពេញមហិច្ឆតា នយោបាយ។

សូមបញ្ជាក់ថា លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តាម៉ាត នៅស្ថានីយប្រេងឥន្ធនៈ កាលតិចស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ ពេលរូបលោកកំពុងអង្គុយផឹក កាហ្វេ។ ក្រោយឃាតកម្មនោះ ជនសង្ស័យម្នាក់ ដែលប្រាប់សមត្ថកិច្ចថា ឈ្មោះ «ជួប សម្លាប់» ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ តែរហូតមកដល់ពេលនេះជនសង្ស័យ នៅតែរក្សាចម្លើយដដែលថា ការសម្លាប់នេះព្រោះតែលោក កែម ឡី ជំពាក់លុយ ហើយថា មិនមានអ្នកនៅពីក្រោយខ្នងគេនោះឡើយ។ តែការអះអាងរបស់ «ជួប សម្លាប់» ហាក់មិនសូវមានអ្នកជឿនោះឡើយ ដោយគេសង្ស័យមានរឿងផ្សេង ក្រៅពីរឿងជំពាក់លុយ។

បច្ចុប្បន្នសពរបស់លោក កែម ឡី ត្រូវបានបញ្ចុះនៅឯផ្ទះកំណើតនៅក្នុងខេត្តតាកែវ។ បុណ្យគម្រប់ខួប១០០ថ្ងៃ គេគ្រោងនឹងធ្វើនៅខែតុ លាខាងមុខនេះ ទន្ទឹមនឹងបុណ្យ ១០០ថ្ងៃនេះ មានអង្គការសង្គមស៊ីវិលមួយចំនួនចង់ធ្វើយុទ្ធនាការនានា ដើម្បីទាមទាររកយុត្តិធម៌ឲ្យលោក កែម ឡី ផងដែរ៕