(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ​ប្រាប់ឲ្យដឹងថា នៅពីថ្ងៃទី២០ ខែសីហា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍ ​នៅ​​ទូទាំង​ប្រទេស​កើតឡើងចំនួន ៣លើកបណ្តាលឲ្យមនុស្ស រងរបួសធ្ងន់៣នាក់  និងរបួសស្រាល២នាក់។

នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរា​ចរណ៍ទាំង៣លើក​នេះ បណ្តាលឲ្យ​ខូច​ខាត​យាន​យន្ត សរុបចំនួន៥គ្រឿង រួមមាន ម៉ូតូ​ចំនួន២គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​២​គ្រឿង។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា ​មូល​ហេតុដែល​បណ្តាលឲ្យ ​កើតមាន​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍រួមមាន ល្មើសល្បឿន១លើក, បត់គ្រោះថ្នាក់២លើក ក្នុង​នោះ​អ្នក​​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៤នាក់ ​ (យប់៣នាក់)។

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ​២០១៦​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្ត​ច្បាប់​ចរា​ចរណ៍ ​​ផ្លូវគោកឃើញ​ថា យាន​យន្តដែលល្មើស​សរុប​ ទូទាំងប្រទេស​មាន ចំនួន​៤,១៥៨​គ្រឿង ​ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន២,០៤៣គ្រឿង ​និងពិន័យ​សរុប ចំនួន២,១១៥គ្រឿង៕