(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារគណៈពង្រឹង ឃុំដីឥដ្ឋ និងឃុំភូមិធំ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ បានចុះទៅដោះស្រាយតាមសំណូមពរ របស់ប្រជាពលរដ្ឋជាច្រើន រយគ្រួសារ ស្ថិតនៅស្រុកកៀនស្វាយ ក្រោយពីពួកគាត់បានស្នើទៅលោក និងក្រុមការងាររួចមក។

នៅចំពោះមុខប្រជាពលរដ្ឋជាង៤០០គ្រួសារ លោក ម៉ក់ ពេជ្ជរិទ្ធ បានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ តាមរយះការចាត់ចែង ឲ្យក្រុមការចុះមកសិក្សាផ្លូវមួយខ្សែ នៅក្នុងភូមិដោយត្រូវធ្វើការជួសជុលតាមរបៀបណា ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន ដោយងាយស្រួល។

ជាមួយគ្នានេះសម្រាប់បញ្ហាភ្លើងវិញ លោក ម៉ក់ ពេជ្ជរិទ្ធ បានសន្យាថា នឹងនាំអាជ្ញាធរមូលដ្ឋានទៅជួបជាមួយក្រុមហ៊ុនម៉ៅពី អគ្គិសនីកម្ពុជា ដើម្បីតបណ្តាញខ្សែភ្លើងពីព្រោះកន្លែងខ្លះមានតែបង្គោលភ្លើងទេ។ ហើយសម្រាប់បញ្ហាទឹកវិញលោកនឹងធ្វើការ ដោះស្រាយ ជូនឲ្យបានគ្រប់គ្នា លើការប្រើប្រាស់ទឹកស្អាត ពីព្រោះនៅពេលនេះប្រជាពលរដ្ឋ ប្រើទឹកអណ្តូងនៅឡើយទេ។

ក្រៅពីការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាលរដ្ឋខាងលើននេះ លោក ម៉ក់ ពេជ្ជរិទ្ធ បានបន្តលើកឡើងពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានការរីកចំរើន យ៉ាងខ្លាំងរហូតមកដល់ពេលនេះ ព្រមទាំងបង្កើនជីវភាពប្រជាពលរដ្ឋ មានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែប្រសើរឡើងខ្លាំង។

ក្រោយបញ្ចប់ការសំណេះសំណាលលោក ម៉ក់ ពេជ្ជរិទ្ធ​ បាននាំយកអង្ករទៅចែកជូនប្រជាពលរដ្ឋ ដែលចូលរួមនៅក្នុងកម្មវិធីផងដែរ៕