(ភ្នំពេញ)៖ និស្សិតជយលាភីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររង នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំំនួន ២,១៦២ នាក់ បានទទួលសញ្ញាបត្រ នៅព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៦ នៅវិទ្យាស្ថានជាតិអប់រំ។

លោក អិនអេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍សង្ខេបអំពី សកម្មភាពបណ្តុះបណ្តាល របស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានបញ្ជាក់ថា គិតមកត្រឹមឆ្នាំ ២០១៦ នេះ ក្នុងគោលដៅធានាគុណភាពជាចម្បង គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលទាំងពីរ បានសហការ បណ្តុះបណ្តាល និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និង បរិញ្ញាបត្រជាន់ខ្ពស់សរុប ប្រមាណជាង ៥០០០ នាក់ ។ ក្នុងនោះមាននិស្សិតបរិញ្ញាបត្រ និង បរិញ្ញាបត្ររងចំនួន ២,១៦២ នាក់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យនិង ត្រូវទទួលសញ្ញាបត្រនៅក្នុងថ្ងៃនោះ ។

ទន្ទឹមនេះគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលទាំងពីរ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ លើមុខជំនាញចាំបាច់សម្រាប់អនុវត្ត ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កំពុងសហការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញកម្រិត វិញ្ញាបនបត្រសម្រាប់មន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញ «គោលនយោបាយសាធារណៈ» សម្រាប់មន្រ្តីរាជការ និង សាធារណជន ថែមទៀតផង ។

កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងទទួលអត្ថប្រយោជន៍ពីសុខសន្តិភាពពេញបរិបូណ៌លើផ្ទៃប្រទេស ដែលជាមនុញ្ញកុសលនៃគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សុខសន្តិភាពនេះ គឺជាបុព្វលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលបានធ្វើឱ្យកម្រិតជីវភាពរបស់ ប្រជាជនកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ ទន្ទឹមនេះ សុខសន្តិភាពនេះក៏គឺជាកត្តាគន្លឹះដែលធានាជំរុញឱ្យវិស័យអប់រំកម្ពុជាមានវិបុលភាព និង វឌ្ឍនភាពគ្រប់កម្រិត តាំងពីមតេយ្យសិក្សា និង បឋមសិក្សារហូតដល់ឧត្តមសិក្សា រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈទៀតផង ទាំងនៅក្នុងវិស័យសាធារណៈ និង វិស័យឯកជន ។

កិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងបរិការណ៍តំបន់ និងពិភពលោកដែលកំពុងវិវឌ្ឍ ទៅមុខដ៏ឆាប់រហ័ស ជាមួយនឹងការរីកលូតលាស់នៃបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ។ ក្នុងបរិការណ៍នេះ ការអប់រំគឺជាការកត្តាកំណត់ដ៏សំខាន់ សម្រាប់ធានាជោគវាសនា និង ការអភិវឌ្ឍប្រកបដោយចីភាពរបស់សង្គមជាតិ ។ តាមរយៈនេះ ការកសាង និង អភិវឌ្ឍសមត្ថភាពធនធានមនុស្ស ប្រកបដោយគុណភាព គឺជាកិច្ចការចាំសម្រាប់កម្ពុជា ដើម្បីចូលរួមចំណែកប្រកបដោយថាមពល និងឧត្តមភាព នៅក្នុងសមាហរណកម្មកម្ពុជា ទៅក្នុងតំបន់ និងពិភពលោក។

 ក្នុងឱកាសនោះដែរ កិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើ និង លើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹង និងចំណេះធ្វើដែលទទួលបាន ទៅប្រើប្រាស់សម្រាប់ជាប្រយោជន៍ ចំពោះសង្គមជាតិទាំងមូល  និងត្រូវបន្តខិតខំស្វែងយល់ រៀនសូត្រ និងដកស្រង់បទពិសោធន៍ពីការអនុវត្តជាក់ស្តែង នៅក្នុងការដ្ឋានការងារប្រចាំថ្ងៃ ក្នុងស្មារតីតស៊ូ ព្យាយាម អំណត់អត់ធ្មត់ និងបុរេសកម្ម ជាមួយនឹងគំនិតឆ្នៃប្រឌិត ដើម្បីដុសខាត់ ពូនជ្រុំចំណេះដឹងរបស់ខ្លួនឱ្យកាន់តែរឹងមាំ និងប៉ិនប្រសប់ សម្រាប់ដោះស្រាយទប់ទល់គ្រប់បញ្ហាប្រឈមចំពោះមុខ សំដៅទទួលបានជោគជ័យថ្មីៗ ថែមទៀតនៅពេលអនាគត ឆ្លើយតបទៅនឹងការវិវឌ្ឍនៃតម្រូវការទីផ្សារការងារ និងសង្គមជាតិ៕