​(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានព្រមាន អ្នកបើកបរថយន្តដឹកដី ថ្ម គ្រួស ខ្សាច់ ជ្រុះរាយប៉ាយលើដងផ្លូវ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ សាធារណៈពិសេសនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ឯកបានឲ្យដឹងទៀតថា លោកយល់ស្របតាមមតិដែលលើកឡើងថា ប្រទេសជាតិកំពុងមានការអភិវឌ្ឍពិសេស វិស័យសំណង់ដែលធ្វើឲ្យតម្រូវការ វត្ថុធាតុដើមរ៉ែ ដូចជាដី ថ្ម គ្រួស ខ្សាច់កើនឡើង ប៉ុន្តែការដឹកជញ្ជូននិងវេចខ្ចប់នៅមិនទាន់គោរព តាមច្បាប់នៅឡើយ បើទោះបីមន្រ្តីមានសមត្ថកិច្ចបានចុះអប់រំ និងពិន័យនៅលើដងផ្លូវ ទីតាំងរណ្តៅដី និងដេប៉ូលក់ក៏ដោយក៏បងប្អូន អជីវករ ក៏ដូចជាអ្នកបើកបរមួយចំនួន មិនព្រមអនុវត្តតាមច្បាប់ឡើយ។

ជាក់ស្តែងក្នុងប្រតិបតិ្តការល្បាតចល័តត្រួតពិនិត្យរយៈពេលបីថ្ងៃ ដឹកនាំដោយលោក ឌិត ទីណា រដ្ឋលេធិការក្រសួងរ៉ែ និងថាមពល និងលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានឃាត់រថយន្តចំនួន២០គ្រឿង និងបិទទីតាំងរណ្តៅដីចំនួន៤កន្លែងនិងដេប៉ូលក់ចំនួន ២កន្លែង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ដូច្នេះដើម្បីទប់ស្កាត់និងកាត់កាត់បន្ថយ​បញ្ហានេះ លោកឧត្តមសេនីយ៍នឹងចាត់ វិធានការតាមផ្លូវច្បាប់ ដោយឃាត់រថយន្តទុកតាមមាត្រា៥៦ មាត្រា៥៧ និងមាត្រា៦៦នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងដកហូតបណ្ណ បើកបរក្នុងករណីមិនរាងចាល។

ក្នុងនាមប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់ លោកសូមអំពាវនាវដល់ បងប្អូនអជីវករដឹកដី ថ្ម គ្រួស ខ្សាច់ សូមចូល រួមគោរពច្បាបស្តីចរាចរណ៍ផ្លូវគោក និងអនុវត្តតាមការណែនាំរបស់ក្រសួងរ៉ែនិងថាមពល៕