(ភ្នំពេញ)៖ លោក ហួត ហាក់ ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនប្រចាំ ទ្វីបអឺរ៉ុប តំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជននៅក្រៅប្រទេស បានទទួលជួបពិភាក្សាការងារ ជាមួយលោក Vincent EBLÉ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគម មិត្តភាព បារាំងកម្ពុជា នៃសាធារណរដ្ឋបារាំង នៅសណ្ឋារគារ សុខាភ្នំពេញ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។

នៅក្នុងឱកាសនោះភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។ លោក ហួត ហាក់ ក៏បានជំរាបជូនភាគីបារាំង អំពីបេសកកម្មកាងាររបស់ក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុប អំពីសារសំខាន់នៃតួនាទីយុវជន ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ និង សភាពការណ៏វិវត្តន៏រីកចំរើន របស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការរីកចំរើនខាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៏ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។

ជាចុងក្រោយភាគីបារាំងក៏បានកោតសរសើរ និងវាយតំលៃខ្ពស់សមិទ្ធិផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបាននិងសន្យាធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាលើការផ្លាស់ ប្ដូរគណប្រតិភូ យុវជនជាមួយគ្នាផងដែរ។

នៅក្នុងជំនួពិភាក្សាការងារនោះ គេសង្កេតឃើញមានការចូលរួមពីក្រុមសហករណ៍ នៃឱសថការីខ្មែរបារាំង និងសមាគមឱសថការីខ្មែរបារាំង ដែលដឹកនាំដោយ លោក ប៉ុល ចាន់ណា ប្រធានក្រុមសហករណ៍ នៃឱសថការីខ្មែរបារាំង និងលោក ឃុន ហាក់ងី ប្រធានសមាគមឱសថការីខ្មែរបារាំង និងសហការីផងដែរ៕