(ម៉ានីល)៖ យោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលគេស្គាល់ច្បាស់រូបលោកពី សង្គ្រាមសម្លាប់មនុស្ស លើក្រុមអ្នកចែកចាយគ្រឿងញៀន បានលើកឡើងថា កូនស្រីរបស់លោក កំពុងមានផ្ទៃពោះមានកូនភ្លោះ៣នាក់។

លោកស្រី Sara Duterte-Carpio កូនស្រីលោកប្រធានាធិបតី បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃសុក្រនេះថា នាងកំពុងមានផ្ទៃពោះ៧ខែ។ លោកស្រី Sara Duterte-Carpio អាយុ៣៨ឆ្នាំ ដែលថ្មីៗនេះបានជាប់ឆ្នោតជាអភិបាលក្រុង Davao បានមានកូន២នាក់រួចមកហើយ ជាមួយនឹងប្តីរបស់នាងឈ្មោះ Manases Carpio ប្រកបការងារជាមេធាវី។

លោកប្រធានាធិបតី Duterte បានបង្ហាញភាពសប្បាយរីករាយជាខ្លាំង បន្ទាប់ពីបានដឹងថា កូនស្រីរបស់លោក មានកូនភ្លោះ៣នាក់។

យោងតាមរបាយការណ៍របស់ប៉ូលិសជាតិ បង្ហាញកាលពីសប្តាហ៍មុន មានមនុស្សជាង៥០០នាក់ ត្រូវបានសម្លាប់ ដោយសារការបាញ់តបតជាមួយប៉ូលិស និងជិត៨,០០០នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងសង្គ្រាមរបស់រដ្ឋាភិបាល ប្រឆាំងនឹងថ្នាំញៀន ចាប់តាំងពីលោក Duterte បានឡើងកាន់តំណែង កាលពីចុងខែមិថុនា៕