(ដាម៉ាស់)៖ អូនតូចវ័យ ០៥ឆ្នាំឈ្មោះថា Omran ដែលបានទទួលរងរបួសដ៏ធ្ងន់ធ្ងរបំផុត និងត្រូវបាន ពិភពលោកចាត់ទុកជានិមិត្តរូបនៃ ភាពខ្លោចផ្សាដោយសារតែ សង្គ្រាមបង្ហូរឈាមឥតឈប់ឈរជាង ៥ឆ្នាំ មកនេះនៅក្នុងប្រទេសស៊ីរីនោះ ពេលនេះបានជួបឪពុកម្តាយរបស់ខ្លួនវិញហើយ។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន ABC នាយប់ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០១៦។

ពេលនេះ Omran Daqneesh បានជួបឪពុកម្តាយវិញក៏ពិតមែន ប៉ុន្តែរបួសរបស់គេពិតជាធ្ងន់ធ្ងរណាស់ ដែលអាចប៉ះពាល់ដល់ភ្នែកមួយចំហៀងថែមទៀតផង។ ក្មេងប្រុសដ៏គួរឲ្យសង្វេគបំផុតនេះ គឺមិនមែន ជាក្មេងទីមួយនោះឡើយ ប៉ុន្តែរូបគេបានក្លាយជាជនរងគ្រោះជាក់ស្តែង ដែលពិភពលោកកំពុងចាប់ អារម្មណ៍យ៉ាងខ្លាំង ក្នុងចំណោមក្មេងៗ រាប់ពាន់នាក់ដែលបានទទួលរងរបួស និង បាត់បង់ជីវិត ដែលគ្មាន នរណាអាចថតរូបភាពយកមកចុះផ្សាយបានដូចនេះឡើយ។

Omran Daqneesh ត្រូវបានក្រុមសង្គ្រោះ គាស់កកាយចេញពីលំនៅឋានរបស់គេ ដែលបានបាក់រលំ ក្រោយការទម្លាក់គ្រាប់ ដោយយន្តហោះចម្បាំងទៅលើទីក្រុង អាឡេប៉េ ភាគខាងជើងស៊ីរី។ អ្នកគ្រូពេទ្យ ដែលបាននិងកំពុងជួយសង្គ្រោះ Omran បានអះអាងថា អូនតូចនេះមិនបានស្រក់ទឹកភ្នែក សូម្បីតែមួយតំនក់នោះឡើយ ដែលប្រការនេះទំនងជាបានបណ្តាល មកពីរូបគេតក់ស្លុតហួសកម្រិត។

លោកគ្រូពេទ្យម្នាក់ទៀតឈ្មោះថា Abu Rajab បានបញ្ជាក់បន្ថែមថា «គាត់មិនបាននិយាយអ្វីឡើយ ក្រៅតែពីការសួរនាំរកឪពុកម្តាយរបស់គាត់ រហូតដល់ជួបឪពុកម្តាយទើប Omran ស្រែកយំតែម្តង»។ បន្ទាប់ពីមានការរិះគន់ និងថ្កោលទោសពីអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិនោះ ប្រទេសរុស្ស៊ី ដែលជាម្ចាស់គ្រាប់បែក បានសម្រេចផ្អាកការប្រយុទ្ធរយៈពេល ៤៨ម៉ោង ដើម្បីអនុញ្ញាតឲ្យ ក្រុមមនុស្សធម៌ ចូលទៅក្នុងសង្គ្រោះជនរងគ្រោះនៅអាឡេប៉ូ ក្នុងនោះមានកុមារឈ្មោះ Omran ផងដែរ៕