(ម៉ានីល)៖ ភ្នាក់ងារអន្តោរប្រវេសន៍ហ្វីលីពីន នៅថ្ងៃសុក្រនេះ បានឃុំខ្លួនជនជាតិឥណ្ឌូណេស៊ី ជិត១៨០នាក់ ដែលរងការចោទប្រកាន់ថា បានព្យាយាមចាកចេញពី ទឹកដីហ្វីលីពីន ដោយប្រើប្រាស់ លិខិតឆ្លងដែនហ្វីលីពីនក្លែងក្លាយ។ នេះបើតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០១៦នេះ។

លោកស្រី Antonette Mangrobang អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍ ហ្វីលីពីនបានឲ្យដឹងថា ជនជាតិឥណ្ឌូណេស៊ីចំនួន១៧៣នាក់ ដែលបានមកដល់ហ្វីលីពីនជាក្រុមកាលពីប៉ុន្មានសប្តាហ៍មុន ត្រូវបានចាប់ខ្លួន ខណៈពួកគេគ្រោងនឹង ឡើងយន្តហោះ ឆ្ពោះទៅកាន់ទីក្រុង Madinah ប្រទេស អារ៉ាប៊ី សាអូឌីត ដើម្បីចូលរួមក្នុងពិធីបុណ្យ Hajj របស់ឥស្លាមសាសនា។

អ្នកនាំពាក្យបន្តថា ជនជាតិហ្វីលីពីន៥នាក់ ដែលអមដំណើរជាមួយក្រុម ជនជាតិឥណ្ឌូណេស៊ីនេះ ក៏ត្រូវបាននាំយកទៅសាកសួរផងដែរ ពាក់ព័ន្ធនឹងបញ្ហានេះ។ មន្ត្រីការិយាល័យបានទាក់ទង សុំជំនួយរួចរាល់ហើយ ពីស្ថានទូតឥណ្ឌូណេស៊ី នៅរដ្ឋធានី ម៉ានីល ដើម្បីជួយបញ្ជាក់អត្តសញ្ញាណ ក្រុមជនជាតិឥណ្ឌូណេស៊ីនេះ។

អ្នកស្រីបន្តទៀតថា ភ្នាក់ងារអន្តោប្រវេសន៍ បានរឹបអូសលិខិតឆ្លងដែនហ្វីលីពីនជាច្រើន ដែលត្រូវបាន ប្រើប្រាស់ដោយក្រុមជនជាតិឥណ្ឌូណេស៊ី។ ការស៊ើបអង្កេតដំបូងបានបង្ហាញថា ក្រុមជនជាតិឥណ្ឌូណេស៊ី បានចំណាយប្រាក់ ក្នុងម្នាក់ៗពី៦,០០០ ទៅ១០,០០០ដុល្លារសហរដ្ឋអាមេរិក ទៅឲ្យភ្នាក់ងារមួយរបស់ហ្វីលីពីន ដើម្បីទទួលបានឯកសារធ្វើដំណើរហ្វីលីពីនក្លែងក្លាយ៕