(ព្រៃវែង)៖ លោក សេង គន្ធ ប្រធានក្រុមការងារយុវជនចុះជួយ ស្រុកសីធរកណ្តាល ខេត្តព្រៃវែង តំណាងលោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង និងលោក ហែម ដារិទិ្ធ ជាអនុប្រធាន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ នាំយកសម្ភារ ថវិការបស់លោក ស សុខា ទៅចែកជូនប្រជាពលរដ្ឋនៅទីនោះ ព្រមទាំងចុះធ្វើកិច្ចការមួយចំនួនជាមួយ ស.ស.យ.ក ស្រុកសីធរកណ្តាលផងដែរ។

នៅក្នុងឱកាសនោះ លោក សេង គន្ធ និងក្រុមការងារ បានចុះស្ទូងស្រូវជូនបងប្អូនប្រជាពលរដ្ឋ បាន២ហិកតា ព្រមទាំងជូនថវិកាដល់បងប្អូន ដែលចូលួមចំនួន២០នាក់ ដោយម្នាក់ៗទទួលបាន ៣ម៉ឺនរៀល នៅភូមិដើមថ្នឹងទី៣ ឃុំដើមថ្នឹង។ បន្ទាប់មកលោក និងក្រុមការងារដដែល បានបន្តចុះប្រជុំត្រួតពិនិត្យការងារប្រចាំខខែសីហា ទិសដៅខែកញ្ញា និងរៀបចំស្នាក់ការ ស.ស.យ.ក ស្រុកជូនយុវជន៥០នាក់ម្នាក់ៗ១០,០០០រៀលផងដែរ។

លោកក៏បានចុះចែកកង់ចំនួន២ សម្ភារ និងថវិកាជូនក្មួយសិស្សានុសិស្សក្រីក្រចំនួន២នាក់ រៀននៅ សាលាព្រៃដើមថ្នឹងសរុប ៤៧៥,០០០រៀល (ម្នាក់ទទួលកង់១ ថវិកា ៥០,០០០រៀល)។ លោកបានចាក់ដីនៅស្នាក់ការ សសយកចំនួន៥រថយន្ត ដែល១រថយន្តថ្លៃ៥០,០០០រៀល សរុបរួម២,១២៥,០០០រៀល។ នៅចំពោះមុខប្រជាពលរដ្ឋ លោក សេង គន្ធ បានផ្តាំផ្ញើការសួរសុខទុក្ខពី សំណាក់លោក ស សុខា និងថ្នាក់ដឹកនាំ ដែលតែងតែគិតគូចំពោះការរស់នៅ ប្រចាំថ្ងៃរបស់បងប្អូននៅពេលវេលា ព្រមទាំងការជួយដោះស្រាយបញ្ហាជាបន្តបន្ទាប់៕