(ភ្នំពេញ)៖ លោក សៅ អ៉ិត អ្នកបើកបររថយន្តតាមយកព័ត៌មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រចាំនៅស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានឡើងសម្ពាធឈាមខ្ពស់រហូត ដល់កម្រើកខ្លួនមិនរួច បាននិងកំពុងឲ្យក្រុមគ្រូពេទ្យ ជួយសង្រ្គោះនៅមន្ទីរពេទ្យ ព្រះកេតុមាលា។

លោក ចន្ថា អ្នកព័ត៌មាននៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍ លេខ៣ បានប្រាប់ Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែសីហា នេះ លោក សៅ អ៉ិត បានឡើងសម្ពាធឈាមរហូតដល់២២ ពេលកំពុងធ្វើដំណើរចេញពី កន្លែងធ្វើការទៅផ្ទះ ហើយក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យធំ។ បើតាមលោក ចន្ថា រហូតដល់យប់ថ្ងៃដដែលនេះ ដៃ ជើង និងដងខ្លួនមួយចំហៀងខាងស្តាំ របស់លោក សៅ អ៉ិត មិនអាចកម្រើកបាននោះឡើយ។

លោក ចន្ថា បានឲ្យដឹងផងដែរថា លោក សៅ អ៉ិត ដែលមានអាយុជិត ៥០ឆ្នាំទៅហើយនោះ បានបើករថយន្តឲ្យក្រុមអ្នកព័ត៌មានស្ថានី យទូរទស្សន៍ប៉ុស្តិ៍លេខ៣ តាមយកព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន ចុះទៅតាមបណ្តាខេត្តនានាតាំងពីអាណត្តិទីមួយមកម្ល៉េះ។

ជាមួយនិងការឡើងសម្ពាធឈាមនេះ ក្រុមអ្នកព័ត៌មាន ដែលដើរតាមសម្តេចតេជោ ហ៊ុន សែន ក៏បានរួមគ្នាចូលរួមវិភាគទាន​ តាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីដោះស្រាយទុក្ខលំបាក ខណៈក្រុមគ្រួសារ របស់លោក សៅ អ៉ិត កំពុងមានការខ្វះខាតផងដែរនោះ៕