(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ បានរៀបចំឱ្យមានកិច្ចពិភាក្សាមួយ ដោយសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ និងផ្នែកឯកជននានា ក្នុងសណ្ឋាគារសាន់វ៉េ សំដៅជំរុញឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរពីទីផ្សារឥណ្ឌា។ នេះបើតាមលោក ទិត ចន្ថា រដ្ឋមន្រ្តីស្ដីទីក្រសួងទេសចរណ៍។

លោក ទិត ចន្ថា បានឱ្យដឹងថា ឥណ្ឌាជាទីផ្សារទេសចរណ៍ធំមួយ ដោយសារប្រទេសនេះមានប្រជាជនច្រើន (ជាង១,៣០០លាននាក់) ហើយអ្នកមានទ្រព្យសម្បត្តិធនធានក៏ច្រើនដែរ ប្រហែល២៥០លាននាក់ ដែលជាសក្ដានុពលធំនៃទេសចរណ៍ ហើយតាមការព្យាករណ៍ នៅឆ្នាំ២០២០ ភ្ញៀវទេសចរឥណ្ឌាដែលចេញក្រៅ មានប្រហែជាង៥០លាននាក់។

លោកបន្តថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦នេះ ភ្ញៀវឥណ្ឌាមានត្រឹម៤ម៉ឺននាក់ ប៉ុណ្ណោះ ដែលចំនួនតិចនេះ ដោយសារកម្ពុជាមិនទាន់មានជើងហោះហើរត្រង់ពីឥណ្ឌា ព្រោះសព្វថ្ងៃមុននឹងមកដល់កម្ពុជា ភ្ញៀវឥណ្ឌាត្រូវចុះនៅថៃ ម៉ាឡេស៊ី និងសិង្ហបុរី ជាមុនសិន ហើយរាជរដ្ឋាភិបាល បាននិងកំពុងរៀបចំសម្រួលដល់ការងារនេះ ដើម្បីស្រូបយកចំនួនទេសចរបន្ថែមពីទីផ្សារឥណ្ឌា។

លោក ហូ វណ្ឌី ប្រធានសមាគមន៍សហព័ន្ធទេសចរណ៍ជាតិកម្ពុជា បានឱ្យដឹងថា ឥរិយាបថរបស់ភ្ញៀវឥណ្ឌាមាន ៣ចំណុចសំខាន់ៗ មានទី១.ពួកគេចូលចិត្តធ្វើដំណើរតាមជើងហោះហើរត្រង់ ចំណេញប្រាក់ និងពេលវេលា, ទី២.ឥណ្ឌាចូលចិត្តដើរលេងក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបៗ ពិសេសកន្លែងផលិតផលរួចពន្ធ និងទី៣.ឥណ្ឌាចូលចិត្តផលិតផលទេសចរណ៍កែច្នៃថ្មីៗ ដែលកត្តាទាំងនេះ កម្ពុជាត្រូវតែជំរុញឱ្យមាន។

ទោះយ៉ាងណា លោក ទិត ចន្ថា បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នានា ពួកគេនៅចាំមើលដែរថា បើភ្ញៀវតិចគេមិនទាន់បើកឱ្យមានការហោះហើរទេ ព្រោះបើធ្វើើទៅអាចប្រឈមការខាតបង់ ចំណែកភ្ញៀវទេសចរវិញ ក៏ចាំមើលផងដែរ បើមិនទាន់មានជើងហោះហើរត្រង់ទេ ពួកគេក៏មិនទាន់មកដែរ។

 រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ មិនអាចរងចាំឱ្យការងារនេះប្រព្រឹត្តទៅតាមដំណើរបានទេ គឺត្រូវមានការសហការគ្នា ដូចជាការចូលរួមពិព័រណ៌ ការផ្សព្វផ្សាយពីសក្តានុពល ការអញ្ជើញក្រុមហ៊ុនភាពយន្ត បូលីវួតរបស់ឥណ្ឌា ឱ្យមកថតកុនដើម្បីផ្សព្វផ្សាយពីវិស័យទេចរណ៍កម្ពុជា ផ្សព្វផ្សាយពីសន្តិសុខ ស្ថិរភាពរបស់កម្ពុជា ទើបមានក្រុមហ៊ុនអាកាសចរណ៍ បើកជើងហោះហើរត្រង់ជាមួយ៕