(ភ្នំពេញ)៖ «ក្រោយពីបានស្តាប់ចម្លើយឈ្មោះ អ៉ឹម ភ័ណ្ឌសុផល ពិនិត្យលើឯកសារនៅក្នុងសំណុំរឿងឃើញថា មិនទាន់គ្រប់គ្រាន់ដែលត្រូវការពេលវេលា សាកសួរបន្ថែមរួមទាំងការពិនិត្យភស្តុតាងនានា លោក សៀង សុខ សម្រេចមិនឃាត់ខ្លួនឈ្មោះ អ៉ឹម ភ័ណ្ឌសុផល ដើម្បីបន្តចំណាត់ការស៊ើបអង្កេត រឿងក្តីនេះជាបន្តទៀត» នេះបើយោងតាមការលើកឡើងរបស់លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងជាមន្រ្តីជាន់ខ្ពស់ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមជំរាបថា អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នបម្រើការងារ​នៅក្រសួងមហាផ្ទៃ​ លោក​ អ៉ឹម​ ភ័ណ​សុផល​ ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ឃាត់​ខ្លួន​ នៅរសៀល​ថ្ងៃម្សិលមិញ​ បន្ទាប់​ពី​ចូល​ខ្លួន​បំភ្លឺ​នៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ ករណី​ចេញ​សែក​អត់​សាច់​ប្រាក់​ចំនួន​៣០ម៉ឺន​ដុល្លារ​៕