(ព្រះសីហនុ)៖ នៅម៉ោងប្រមាណ ៤រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នៅឆ្នេរសមុទ្រក្នុងឆ្នេរអូរឈើទាល បានជួបខ្យល់គួចខ្លាំង បណ្តាលរលកសមុទ្របក់បោកខ្លាំង រហូតបណ្តាលឲ្យអ្នកលេង ទឹកសមុទ្រម្នាក់ស្លាប់ និងជាច្រើននាក់ទៀតបានជួយសង្រ្គោះទាន់ពេលវេលា។

យោងតាមសេចក្តីរាយការណ៍ ព័ត៌មានបឋមបានឲ្យដឹងថា នៅមុនពេលកើតហេតុមានអ្នកទេសចរជាតិ និងអន្តរជាតិជាច្រើននាក់នាំគ្នា លេងទឹកនៅឆ្នេរអូរឈើទាល នៅចំណុចតូបលេខ៦៦៦ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ស្រាប់តែមានខ្យល់បោកបក់ និងគួចខ្លាំងលាយឡំជាមួយភ្លៀងបង្កជារលកសមុទ្រធំៗ បោកលើអ្នកលេងទឹកសមុទ្រ។

ភ្លាមៗនោះ អ្នកលេងទឹកសមុទ្រ បានផ្អើលឈូឆររត់ឡើងគោក តែជាអកុសល្យ បុរសម្នាក់បានលង់ទឹកស្លាប់ភ្លាមៗ បើទោះបីជាមានការ ព្យាយាមជួយសង្រ្គោះយ៉ាងណាក្តី។ ដោយឡែកភ្ញៀវទេសចរ ជាច្រើនទៀត ត្រូវបានក្រុមម៉ូតូទឹកនៅកន្លែងកើតហេតុ បានចេញជួយសង្រ្គោះទាន់ពេលវេលា។

ក្រោយការសួរនាំ ជនរងគ្រោះដែលបានស្លាប់នេះមានឈ្មោះ កាន់ គុយហ៊ាង អាយុ៤៨ឆ្នាំ ជាកូនតាកូយ យាយផេត ផ្ទះនៅផ្លូវកណ្តាល ក្រុងកំពង់ចាម ហើយនៅពេលនេះសពកំពុងដឹកយកទៅផ្ទះឯស្រុកកំណើត ទឹកដីខេត្តកំពង់ចាម។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋ បានធ្វើការរឹះគន់ត្រង់ៗ មកអាជ្ញាធរពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការគ្រប់គ្រង់ និង អភិវឌ្ឍតំបន់ឆ្នេរខេត្ត ថាអត់សមត្ថភាពក្នុងការការពារសុវត្ថិភាពជូនភ្ញៀវទេសចរ ដោយពួកគេហាក់មិនបាន ជូនដំណឹងពីការវិវឌ្ឍន៍ នៃអាកាសធាតុនោះឡើយ ។ សូមរំលឹកថា រដូវនេះជារដូវវស្សា ដែលនៅតាមសមុទ្រឧស្សាហ៍ កើតមានបាតុភូតខ្យល់បោកបក់ខ្លាំង ជាញឹកញាប់ ដែលអាជ្ញាធរគ្រប់ គ្រងឆ្នេរ គួរបង្កើនការជូនដំណឹងដល់ភ្ញៀវឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ពេល ទៅលេងទឹកសមុទ្រ៕