(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបង្គាប់ទៅកាន់លោកគ្រូ អ្នកគ្រូ គណៈមេប្រយោគ ឱ្យមានការពង្រឹងវិន័យ និងសមត្ថភាពរបស់ខ្លួនឱ្យប្រសើរឡើង ដើម្បីការពារ និងទប់ស្កាត់កុំឱ្យមានការរិះគន់ ពីអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ដូចឆ្នាំមុនៗ។

ក្នុងកិច្ចប្រជុំ ជាមួយលោកគ្រូ អ្នកគ្រូ គណៈមេប្រយោគ ដើម្បីណែនាំពីកាតព្វកិច្ចមួយចំនួន នៅពេលប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា «គេនឹងប្រើបណ្ដាញសង្គម Facebook ដើម្បីវាយប្រហារយើង។ សូមយើងរឹងមាំឡើង ដើម្បីកុំឲ្យគេមើលស្រាល លើការខិតខំប្រឹងប្រែង របស់យើង ជុំវិញការប្រឡងបាក់ឌុបនេះ»

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានស្នើឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ខិតខំអនុវត្តការងារឲ្យបានល្អ កុំឲ្យមានចន្លះប្រហោងហើយត្រូវ សហការគ្នាជាមួយក្រុមយុវជនស្ម័គ្រដែលបានចូលរួមសង្កេតការ នៅក្នុងការប្រឡងនេះ ដើម្បីឲ្យការប្រឡងត្រូវបានប្រព្រឹត្តទៅ ដោយភាពយុត្តធម៌ មិនការសំណូកអ្វីទាំងអស់។

លោកបានបន្ថែមថា សូមលោកគ្រូ អ្នកគ្រូទាំងប្រុងប្រយ័ត្នចំពោះសង្គ្រាមចិត្តសាស្ដ្រ ដើម្បីកុំឲ្យមានជនខិលខូចមួយចំនួនតូច ចូលមកបំបែកបំបាក់ការសហការល្អរវាងស្ថាប័នទាំង២។ លោកក៏បានរំលឹកផងដែរថា កាលពីឆ្នាំកន្លងទៅ អង្គភាពប្រឆាំង អំពើពុករលួយ បានធ្វើការឃាត់ខ្លួន គ្រូ២នាក់នៅភ្នំពេញដែលបានធ្វើសកម្មភាពដើរលក់វិញ្ញាសារដល់បេក្ខជនប៉ុន្ដែមិនមែន គោលបំណងដើម្បីលុយនោះទេ គឺជាហេតុផលធ្វើឲ្យការហិនហោច និងបំបែកបំបាក់សាមគ្គីភាព តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ដោយមានការរឹតបន្តឹង ដូចឆ្នាំមុនៗដែរ៕