(កំពង់ធំ)៖ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោកបានគូស បញ្ជាក់ថា «ក្នុងគោលការណ៍សុខសន្តិភាព ស្ថេរភាពសង្គម កងទ័ពត្រូវប្រកាន់ខ្ជាប់នូវ គោលការណ៍ភាពស្មោះត្រង់ និងត្រូវមានជំហរច្បាស់លាស់ ដើម្បីការពារជាតិ សុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញ រដ្ឋាភិបាលស្របច្បាប់ និងអនុវត្តបទបញ្ជាឲ្យ បានម៉ឺងម៉ាត់ដើម្បីបម្រើ និងការពារជាតិមាតុភូមិ និងប្រជាជន»

ការថ្លែងបែបនេះរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានានៃតំបន់ ប្រតិបត្តិការសឹករងខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ។ នៅចំពោះកងកម្លាំងយោធាខេត្តកំពង់ធំ លោក ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធិផលនានានៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ គឺបញ្ជាក់ពីការខិតខំគៀងគររកប្រភព និងសប្បុរសជនផ្សេងៗ ដើម្បីចូលរួម នៅក្នុងការកសាងអង្គភាព ដែលការកសាង គឺជាតំណាក់កាលសំខាន់ដែលបានចូលរួមកាត់បន្ថយថវិកាជាតិមួយផ្នែក ព្រោះថវិកាជាតិបានចំណាយក្នុងការលើកស្ទួយជីវភាព ប្រាក់បៀវត្ស និងគោលរបបផ្សេងៗរបស់កងទ័ព។
ការចូលរួមបានស្តែងចេញឲ្យឃើញពីវប្បធម៌ចែករំលែក និងរួមគ្នាធ្វើពីសំណាក់សប្បុរសជន និងផ្នែកដែលពាក់ព័ន្ធនៅក្នុងការកសាង ក្នុងអង្គភាពមួយ។ លោកថា «ឱកាសដែលយើងមានអ្វីៗសព្វថ្ងៃនេះ គឺបានមកពីសុខសន្តិភាពដែលកងទ័ពបានលះបង់ជាច្រើន ក្នុងការរំដោះប្រទេសជាតិ បញ្ចប់សង្គ្រាម ដើរជួរមុខការពារបម្រើជាតិមាតុភូមិនិងបម្រើប្រជាពលរដ្ឋ។ អ្វីដែលយើងមានថ្ងៃនេះ គឺជាគ្រឹះសម្រាប់ការអភិវឌ្ឍទៅមុខ សិស្សនិស្សិតមានឱកាសរៀនសូត្រ ប្រជាពលរដ្ឋមានឱកាសប្រកបរបរប្រចាំថ្ងៃ មិនព្រួយបារម្មណ៍ ពីសង្គ្រាម គឺយើងរស់នៅក្នុងសុខសន្តិភាព»

មេបញ្ជាការរងកងទ័ពជើងរូបនេះ បានលើកឡើងពីកត្តាសន្តិភាព គឺនិយាយពីគុណូបការៈចំពោះការលះបង់របស់អតីតយុទ្ធជន និងកងទ័ពដែលកំពុងបំពេញភារកិច្ចដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីការពារបម្រើជាតិ មាតុភូមិនិងខិតខំកសាង សុខសន្តិភាពនិងបង្កើតឱកាសជាច្រើន សម្រាប់ប្រទេសជាតិ និងប្រជាជន។ ហើយអ្នកទទួលផលពីសុខសន្តិភាពនេះគឺយុវជន ជំនាន់នេះនិងជំនាន់ក្រោយៗ។ ដូច្នេះអ្វីដែលយើងទាំអស់គ្នាមានថ្ងៃនេះគួរតែជាមោទនភាពរបស់យើង។

លោកបានបន្តទៀតថា ដើម្បីសេដ្ឋកិច្ចជាតិមានការរីកចម្រើន ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ គឺជាការដឹងគុណូបការៈរបស់ប្រមុខ រាជរដ្ឋាភិបាលនិងកងទ័ព។ «សម្តេចតេជោ ហ៊ុន សែន បានគិតគូយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់កងទ័ព គ្រួសារកងទ័ព និងលើកតម្កើនកិត្តិយសកងទ័ព តាមរយៈ ការតម្លើងប្រាក់បៀវត្ស ការផ្តល់ប្រាក់របបផ្សេងៗ ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការ យកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងអ្នកកំពុងបំពេញភារកិច្ចតាមរយៈសមាគមអតីតយុទ្ធជនគ្រប់រាជធានីខេត្តក្នងការដោះស្រាយ គោលនយោបាយផ្សេងៗ»។ ជាមួយគ្នានេះ លោកក៏សូមរំលឹកថា កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជាបានមាន កិច្ចសហប្រតិបត្តិការផ្នែកយោធាមួយបណ្តាប្រទេសជាច្រើនលើសាកលលោក ក្នុងតំបន់ និងបណ្តាប្រទេសជិតខាងផងដែរ។
ដោយឡែក ថ្ងៃនេះគឺជាកិច្ចសហប្រតិបត្តិការវាងតំបន់ប្រតិបត្តិការរវាងសឹករងខេត្តកំពង់ធំ និងគណបញ្ជាការយោធភូមិភាគទី៧ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការចូលរួមកសាងសមិទ្ធិផលនានានៅក្នុងអង្គភាពនេះ។ នៅក្នុងឱកាសនោះដែរ កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តីរូបនេះ ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជន ព្រមទាំង ប្រគល់អំណោយជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធនិងអតីតយុវជននិងបានចូលរួមដាំដើមឈើជាមិត្តរូបផងដែរ៕