(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ករណីនៃការចាប់ខ្លួន លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប គឺពាក់ព័ន្ធនឹងការប្រព្រឹត្តខុសច្បាប់របស់សាមីខ្លួន ផ្ទុយនឹងច្បាប់ គ.ជ.ប ហើយថាចំណាត់ការ នេះមិនមានសម្ពាធពីខាងណានោះទេ។

ការអះអាងរបស់ លោក ស៊ិក ប៊ុនហុក បានធ្វើឡើងនៅក្នុង ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃការចុះឈ្មោះបោះឆ្នោតតាម  ប្រព័ន្ធកុំព្យូទ័រឆ្នាំ២០១៦ និងកិច្ចសហប្រតិបត្តិការរវាង គ.ជ.ប ជាមួយសហភាពអឺរ៉ុប និងជប៉ុន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ នាសណ្ឋាគារ អ៊ឹមភើរៀល។

សូមបញ្ជាក់ថា លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប រួមទាំងមន្ត្រីសមាគមអាដហុក៤រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីចុងខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីមានតម្រុយពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ។

មន្រ្តីអាដហុក៤នាក់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី ដែលពួកគេត្រូវបានសាលា ដំបូងឃុំខ្លួន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ខណៈដែល អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្រ្តី អាដហុកនោះ ត្រូវបានតុលាការចោទពីបទសមគំនិតសូកប៉ាន់សាក្សី៕