(ភ្នំពេញ)៖ រោងចក្រផលិតជីសរីរាង្គច្នៃចេញពីសំរាម នឹងត្រូវពន្យារពេលរហូតដល់ ពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៦ ដោយការរៀបចំ បច្ចេកទេសមិនទាន់រួចរាល់។

លោក កែវ ចាន់ណារិទ្ធ ប្រធានគណៈគ្រប់គ្រងទីលានចាក់សំរាម ស្ថិតក្នុងខណ្ឌដង្កោ បានថ្លែងប្រាប់ FreshNews នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះថា «ដំបូងឡើយយើងត្រូវដាក់ដំណើរការ ម៉ាស៊ីនកែច្នៃសំរាមឲ្យទៅជាជីសរីរាង្គនេះ នៅក្នុងខែសីហា ប៉ុន្ដែដោយសារយើងមានបញ្ហាអគ្គិសនី គឺយើងកំពុងតបណ្ដាញអគ្គិសនី ឲ្យរួចរាល់ជាមុនសិន ទើបដាក់ដំណើរការម៉ាស៊ីនមួយនេះ»

លោក កែវ ចាន់ណារិទ្ធ ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ម៉ាស៊ីនកែច្នៃនេះនាំចូលពីប្រទេសថៃ ដែលមានតម្លៃប្រហែល៥០ម៉ឺនដុល្លារអាមេរិក និងអាចកែច្នៃសំរាមបានពី១០០ ទៅ១៥០តោន ក្នុង១ថ្ងៃ ហើយបច្ចុប្បន្ន អ្នកជំនាញកំពុងតែដំឡើងម៉ាស៊ីន ដើម្បីដំណើរការនៅខែសីហា ខាងមុខនេះ។ សំរាមដែលត្រូវយកទៅ កែច្នៃជាជីសរីរាង្គនោះ ជាប្រភេទសំរាមទីក្រុង ឬហៅថាម្យ៉ាងទៀតថា សំរាមដែលសល់ពី ប្រជាពលរដ្ឋ ដែលមានដូចជា សំណល់ក្នុងផ្ទះបាយជាដើម។

លោកបន្តថា ក្នុងមួយថ្ងៃៗ យើងដឹងជញ្ជូនសំរាមប្រហែល២០០០តោនពីទីក្រុង ទៅទីលានចាក់សំរាម ខណ្ឌដង្កោ។

លោកបានបញ្ជាក់ទៀតថា «ជីសរីរាង្គដែលយើងទទួលបានពីការកែច្នៃនេះ យើងនឹងរកទីផ្សារមួយ ដើម្បីលក់បន្ដទៅឲ្យប្រជាពលរដ្ឋ នៅតាមបណ្ដាលខេត្ត ដោយនឹងយើងពន្យល់ ណែនាំប្រជាពលរដ្ឋទាំងអស់ ឲ្យងាកមកប្រើប្រាស់ជីធម្មជាតិ មិនប៉ះពាល់ដល់សុខភាព ហើយនឹងមានតម្លៃសមរម្យ សម្រាប់ឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់ និងលក់បន្ត»

សូមជម្រាបថា ការដាក់ដំណើរការរោងចក្រផលិតជីសរីរាង្គនេះ រំពឹងថានឹងជួយដោះស្រាយនូវ បញ្ហាការបំពុលបរិស្ថាន ក៏ដូចជាការ កាត់បន្ថយសំរាម ក្នុងរាជធានីភ្នំពេញ និងទីលានចាក់សំរាម បានមួយកម្រិត៕