(ភ្នំពេញ)៖ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយដោះស្រាយបញ្ហាជូនពលការិនីខ្មែរចំនួន៣រូប ដែលបានទៅធ្វើការជាស្រ្តីបំរើតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី ឲ្យវិលត្រលប់មកកម្ពុជាវិញ នៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០១៦ព្រឹកស្អែក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ។

ពលការិនីខ្មែរទាំង០៣រូបនោះ មានទី១ឈ្មោះ មាស ខួច (កើតឆ្នាំ១៩៩១) មកពីខេត្តកំពង់ធំ បានចាញ់បោកមេខ្សល់ចូលប្រទេស ម៉ាឡេស៊ី កាលពីខែមេសា ឆ្នាំ២០១៦ ហើយធ្វើការជាអ្នកបោសសំអាត។ ទី២ឈ្មោះ ហេង ធាវី (កើតនៅឆ្នាំ១៩៩៥) មកពីខេត្តកំពង់ចាម បានចូលប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយធ្វើការការងារនៅផ្ទះរបស់ស្រ្តីខ្មែរ ឈ្មោះ​ ចាន់ ស្រីនាង និងទី៣ ឈ្មោះ បាវ សខអេង (កើតឆ្នាំ១៩៨៩) មកពីខេត្តកំពង់ចាម បានធ្វើដំណើរចូលប្រទេសម៉ាឡេស៊ីដោយខ្លួនឯង កាលពីខែឧសភា ឆ្នាំ២០១៤ ដោយធ្វើការតាមផ្ទះ។

សូមបញ្ជាក់ ពលការិនីទាំង៣ រូប នឹងមកដល់ព្រលានយន្តហោះខេត្តសៀមរាប នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ម៉ោង០៧៖៥០នាទីព្រឹក តាមជើងយន្តហោះលេខ AK542។ អំឡុងពេលរង់ចាំការត្រឡប់មកវិញស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហាទទួលទានដល់ពលការិនីទាំង៣រូបនេះ ផងដែល៕