(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ បានប្រ​កាសឱ្យដឹងថា លោកនៅតែផ្តល់ប្រាក់​ឧបត្ថម្ភលើកទឹកចិត្តបន្តទៀត ដើម្បីលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ច​ ដែលបានចុះបង្ក្រាបបទ​ល្មើសនានា ​តាមមូលដ្ឋាន ក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋ។

ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដោយមានការចូលរួមលោក លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ លោកនាយក លោកនាយករងរដ្ឋបាល លោកលោកស្រី ប្រធានការិយាល័យចំណុះ ជំនាញនានាជុំវិញខណ្ឌ លោក លោកស្រី ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាល ស្មៀន ទាំង១៣សង្កាត់ និងនាយក នាយិកាសាលារៀនទាំងអស់ក្នុងខណ្ឌ។

លោកអភិបាលខណ្ឌ ក៏បានធ្វើការណែនាំដល់អង្គប្រជុំលើការងារសំខាន់ៗមួយចំនួន រួមមាន៖ ទី១. ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋ ដើម្បីបានទៅចុះ​ឈ្មោះ​បោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅពេលខាងមុខ, ទី២. រឹតបន្តឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រូវចេញល្បាតតាមមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសលួចឆក់ប្លន់គ្រប់ប្រភេទ និងបទល្មើសគ្រឿង​ញៀន, ទី៣. ពង្រឹងសណ្តាប់ធ្នាប់តាមដងផ្លូវ និងតាមផ្សារនានា ជៀសវាងការប្រើប្រាស់ចំណីផ្លូវដាក់តាំងលក់ផលិតផល និងការសាងសង់រំលោភចូលចំណីផ្លូវ, ទី៤. ចាត់វិធានការតឹងរឹង ចំពោះការទុកដាក់សម្រាមគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្ត ចំនួន៨០ម៉ឺនរៀល ដល់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលមានស្នាដៃល្អ ក្នុងការបង្ក្រាបបទល្មើស៕