(ហាណូយ)៖ ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋវៀតណាម VTV ប៉ុន្មានម៉ោងបន្ទាប់ពីកើតហេតុ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានប្រកាសថា លោកនឹងបើកការស៊ើបអង្កេត ដោយផ្ទាល់ ចំពោះការសម្លាប់រង្គាលគ្នាឯងរបស់មេដឹកនាំស្ថាប័នកំពូល ក្នុងខេត្ត Yen Bai ភាគខាងជើងវៀតណាម ពីថ្ងៃព្រហស្បតិ៍ព្រឹកមិញ ហើយដំណាក់កាលដំបូងនេះ ប៉ូលិសនិងយោធា ត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងខេត្តទាំងមូល។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា។

គួរបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលវៀតណាម ២នាក់ត្រូវបានមិត្តរួមការងារម្នាក់ បាញ់សម្លាប់ ហើយជនបង្កខ្លួនឯងក៏បាន ធ្វើអត្តឃាតដោយបាញ់កាំភ្លើងទំលុះក្បាលខ្លួនឯង នាពេលបន្ទាប់ទៀត នៅក្នុងខេត្ត Yen Bai ភាគខាងជើង ប្រទេសវៀតណាម។ តាមការពិនិត្យជាក់ស្តែង ជនរងគ្រោះទាំងពីរនាក់ ត្រូវបានជនបង្កបាញ់ចំត្រង់ក្បាលជាច្រើនគ្រាប់ មុននឹងធ្វើការបាញ់សម្លាប់ខ្លួនឯងជាក្រោយ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង ៧៖៤៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះលោក Do Cuong Minh ប្រធាននាយកដ្ឋានរងការពារ ព្រៃឈើក្នុងខេត្ត Yen Bai បានដើរចូលទៅក្នុងការិយាល័យរបស់លោក Pham Duy Cuong លេខាធិការបក្សប្រចាំខេត្ត Yen Bai និងលោក Ngo Ngoc Tuan ប្រធានក្រុមប្រឹក្សាប្រជាជននៅខេត្ត ដដែលនេះ ហើយក៏បានធ្វើការបាញ់រះ ទៅលើមន្ត្រីទាំងពីររូបនេះឲ្យស្លាប់ នៅហ្នឹងកន្លែងតែម្តង។

តាមសារព័ត៌មានវៀតណាមលោក Minh ត្រូវបានតែងតាំងឲ្យកាន់តំណែងខាងលើនេះកាលពីខែមីនា ឆ្នាំ២០១៤។ ប៉ូលិសនៅមិនទាន់ដឹងថា ការបាញ់ប្រហារនេះ បណ្តាលមកពីរឿងអ្វីនៅឡើយទេ ប៉ុន្តែសម័យប្រជុំលើកទីពីរនៃ ក្រុមប្រឹក្សាប្រជាជនខេត្ត Yen Bai គ្រោងនឹងប្រារព្ធឡើងនៅវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែវាត្រូវបានលុបចោល ដោយសារតែការបាញ់ប្រហារ នោះកើតឡើង៕