(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា គ.ជ.ប បានស្វាគមន៍រាល់ សហគមន៍អន្តរជាតិទាំងឡាយ ដែលចង់ចូលរួមធ្វើការកែសម្រួលប្រព័ន្ធចុះបញ្ជីបោះឆ្នោត នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ ឡើង។

ការអះអាងរបស់ លោក ស៊ិក ប៊ុនហុក បានធ្វើឡើងនៅក្នុង ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការចុះឈ្មោះបោះឆ្នោតតាម ប្រព័ន្ធកុំព្យូទ័រឆ្នាំ២០១៦ និងកិច្ចសហប្រតិបត្តិការរវាង គ.ជ.ប ជាមួយសហភាពអឺរ៉ុប និងជប៉ុន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ នាសណ្ឋាគារ អ៊ឹមភើរៀល។

លោកប្រធានគ.ជ.បថ្មីរូបនេះ ក៏បានអរគុណផងដែរ ដល់ប្រទេសជប៉ុន និងសហគមន៍អឺរ៉ុប ដែលបានផ្តល់ចំនួយសម្ភារៈ និងបច្ចេកទេស ដល់ គ.ជ.ប សម្រាប់រៀបចំការចុះឈ្មោះបោះឆ្នោត។

សូមជំរាបថា ការចុះឈ្មោះបោះឆ្នោត នឹងត្រូវធ្វើឡើងដោយប្រព័ន្ធកុំព្យូរទ័រ រយៈពេល៣ខែ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនេះ៕