(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ បានដេញបង្ក្រាបក្រុមចោរប្លន់ ប្រដាប់អាវុធចំនួន៤នាក់ ដែលក្នុងនោះម្នាក់ ត្រូវបានចាប់ខ្លួននៅព្រឹកមិញ និង៣នាក់ទៀតមានស្រីម្នាក់ ត្រូវចាប់ខ្លួននៅរសៀលថ្ងៃនេះ ស្ថិតនៅក្នុងបុរីសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន ទី១-ឈ្មោះ សុខ រិទ្ធី អាយុ២៦ឆ្នាំ ទី២-ឈ្មោះ ដាវីត អាយុ១៨ឆ្នាំ និង៣-ឈ្មោះ ឃុន ផៃ ភេទស្រី អាយុ១៦ឆ្នាំ (ជាសង្សាជនឈ្មោះដាវីត)។

មន្រ្តីនគរបាលបានបន្តទៀតថា ការតាមបង្ក្រាបចាប់ក្រុមចោរប្លន់ទាំងនេះ បានធ្វើឡើងបន្ទាប់ពីជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន កាលពីព្រឹកមិញ ពាក់ព័ន្ធនិងសកម្មភាពវាយប្លន់ម៉ូតូ C125 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CC-0635 ពីយុវជនឈ្មោះ ម៉ៅ ខួច អាយុ១៨ឆ្នាំ រស់នៅភូមិដុង ឃុំព្រៃស្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ខណៈជនរងគ្រោះកំពុងជិះម៉ូតូចេញ ពីក្លឹបកម្សាន្ត «មីតណាយ» ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង។ សម្រាប់ជនសង្ស័យទាំងនេះ និងវត្ថុតាងមួយចំនួនដែលធ្វើការ រឹបអូសបាននោះ ត្រូវបាននាំខ្លួនទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តទៀត៕