(កណ្ដាល)៖ ចោរលួចម្នាក់ត្រូវបាន កម្លាំងនគរបាលស្រុកស្អាង ស្ទាក់ចាប់បានខណៈរូបគេលួចម៉ូតូ នៅភ្នំពេញបានក៏ដឹកប្រពន្ធយកទៅ លេងផ្ទះបងប្អូននៅស្រុកស្អាង ខេត្តកណ្ដាលក្នុងគោលបំណង លក់ម៉ូតូផង តែក្រោយពីឃាត់ខ្លួនឆែកឆេរ សមត្ថកិច្ចបានរកឃើញលិខិត ទទួលបញ្ចាំម៉ូតូមួយសន្លឹក នៅក្នុងហោប៉ាវជនសង្ស័យ ទើបព្រះរាជអាជ្ញាបញ្ជាអោយ សមត្ថកិច្ចបើកការស៊ើបអង្កេត ពន្លាតដែនដីតាមទៅឆែកដល់ ទីតាំងទទួលបញ្ចាំម៉ូតូ នៅក្នុងសង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោកជាបន្តទៀតដើម្បី ចង់ដឹងថាតើម៉ូតូដែលចោរលួចខាងលើ យកទៅបញ្ចាំជាម៉ូតូស្របច្បាប់ របស់ជនសង្ស័យឬជាម៉ូតូ បានមកពីអំពើទុច្ចរិត។

លោក​លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាលបានថ្លែងប្រាប់ Fresh News នៅម៉ោង២រសៀលថ្ងៃនេះថា ក្រោយពីសមត្ថកិច្ចនគរបាល ស្រុកស្អាងឃាត់ខ្លួន ចោរលួចម៉ូតូបានហើយឆែកឃើញ លិខិតបញ្ចាំម៉ូតូមួយគ្រឿងផ្សេងទៀតភ្លាម លោកបានបញ្ជាអោយនគរបាល បើកការស៊ើបអង្កេតពន្លាត ដែនដីចុះទៅឆែកឆេរទីតាំងទទួលបញ្ ចាំទៅតាមអាស័យដ្ឋាន នៅក្នុងលិខិតបញ្ចាំដើម្បីធ្វើការត្រួតពិនិត្យមើល ថាតើម៉ូតូដែលជនសង្ស័យរូបនេះ យកទៅបញ្ចាំនោះជាម៉ូតូកម្មសិទ្ធិ របស់ជនសង្ស័យ ឬជាម៉ូតូបានមកពីចោរកម្ម ឬបានមកពីអំពើទុច្ចរិតផ្សេងៗ ហើយយកទៅបញ្ចាំ តែមិនទាន់ដឹងលទ្ធផល នៅឡើយទេ។ លោក លឹម សុគន្ថាបានបន្ថែមថា ការបើកស៊ើបអង្កេតពន្លាត ដែនដីដោយចុះត្រួតពិនិត្យទីតាំង ទទួលបញ្ចាំខាងលើនេះក៏ដើម្បីចូលរួម លប់បំបាត់អំពើអសន្តិសុខផ្សេងៗ នៅក្នុងសង្គមផងដែរ ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១៥និង១៥នាទី កម្លាំងអន្តរាគមន៍នគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍ស្អាងភ្នំ ល្បាតតាមដងផ្លូវឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ មកដល់ចំណុចស្ពានកំពង់ ស្វាយស្ថិតក្នុងភូមិ ពាមសាលា ឃុំស្អាងភ្នំ ពេលនោះជនសង្ស័យឈ្មោះ អន អូន បានជិះម៉ូតូម៉ាកស៊ុយសូគីនិច ពណ៌លឿងឌុបឈ្មោះ ពេជ្រ កញ្ញា ហៅស្រី ម៉ៅ ត្រូវជាប្រពន្ធ(អន អូន) ហើយពេលឃើញសមត្ថកិច្ច ក៏បន្ថែមល្បឿនព្យាយាម រត់គេចពីសមត្ថកិច្ច។

ពេលឃើញដូចនេះ សមត្ថកិច្ចបានដេញតាមហើយ ម៉ូតូឈ្មោះ អន អូន ក៏ក្រឡាច់កង់បណ្តាលឲ្យដួលនៅ ចំណុចភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល សមត្ថកិច្ចបាននាំឈ្មោះអន អូន មកអធិការដ្ឋាននគរបាលស្រុកដើម្បី ធ្វើការសាកសួរ។ យោងតាមការប្រកាសផ្សាយព័ត៌មានតាម Facebook មានជនរងគ្រោះជាម្ចាស់ម៉ូតូ បានមកដាក់ពាក្យបណ្ដឹង នៅចំពោះមុខសមត្ថកិច្ចផង ទើបឈ្មោះ អន អូន សារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌លឿងលាយសពាក់ផ្លាកលេខភ្នំពេញ 1CJ-8980 នៅចំណុចផ្សារសាំហាន់នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលម្ចាស់ចតនៅក្បែរផ្លូវ ដោយមិនបាន ដកកូនសោរចេញពីម៉ូតូ  រួចជិះម៉ូតូខាងលើសំដៅមកលេងផ្ទះបងស្រីឈ្មោះ អន ញ៉ាញ ដែលមានប្តីឈ្មោះជឿន នៅភូមិគោកអណ្តែតឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលពិតប្រាកដមែន ដើម្បីយកទៅលក់។ ក្នុងនោះសមត្ថកិច្ចក៏ចុះទៅឆែកឆេរ នៅទីតាំងផ្ទះទទួលទិញ របស់ចោរផងដែរ តែម្ចាស់ដឹងខ្លួនមុនបានរត់គេចខ្លួន បាត់ទៅហើយ៕