(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រឡងផ្ដាច់ព្រ័ត្រ អ្នកនិយាយភាសាចិនឆ្នើមក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៦ លើកទី២ ត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ ក្នុងគោលបំណងដើម្បីជំរុញឱ្យឧស្សាហកម្មទេសចរណ៍កម្ពុជា ត្រៀមទទួលភ្ញៀវទេសចរចិន ក៏ដូចជាទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា ឱ្យបាន២លាននាក់ នៅឆ្នាំ២០២០ ដោយមានបេក្ខជន-បេក្ខនារីចំនួន១០ បានទទួលជ័យលាភី និងរង្វាន់មួយចំនួន ពីការប្រឡងនេះ។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ក្នុងស្ទីឌីយ៉ោនៃស្ថានីយ៍ទូរទស្សជាតិកម្ពុជា ក្រោមអធិបតីភាពរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមានការចូលរួមពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន, លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក Cheng Hongbo ប្រធានការិយាល័យនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា ក្នុងគោលបំណងធំៗមួយចំនួន រួមមាន៖ ទី១.ជំរុញទីផ្សារទេសចរណ៍ចិន ក្នុងការអនុវត្តសៀវភៅស China Ready សម្រាប់ទេសចរណ៍កម្ពុជា, ទី២.ជំរុញការសិក្សាភាសាចិនក្នុងវិស័យទេសចរណ៍, ទី៣.បញ្ជ្រាបការយល់ដឹងពីសារសំខាន់នៃទីផ្សារចិន សម្រាប់ទេសចរណ៍កម្ពុជា, ទី៤.ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្រុមហ៊ុនចិន និងប្រជាជនចិន, និងទី៥.ដើម្បីអនុញ្ញាតឱ្យយុវជនកម្ពុជា បានស្វែងយល់ពីវប្បធម៌ចិន។

ក្នុងឱកាសនេះដែរ លោក Weng kefeng អគ្គនាយករងក្រុមហ៊ុន Huawei Technologies (Cambodia)Co.,Ltd ជាតំណាងក្រុមហ៊ុន Huawei ក៏បានចូលរួមឧបត្ថមធំ និងមានការប្រគល់រង្វាន់ដល់អ្នកទទួលជ័យលាភី ដែលរង្វាន់ទាំងនោះ រួមមាន៖ ជ័យលាភីលេខ១ ទទួលបានស្មាតហ្វូន Huawei P9 Plus ១រង្វាន់ ទូទឹកកក១រង្វាន់ ម៉ាស៊ីនត្រជាក់១រង្វាន ម៉ាស៊ីនបោកខោអាវ១រង្វាន់, ជ័យលាភីលេខ២ ទទួលបានស្មាតហ្វូន Huawei P9 ១រង្វាន់ ទូរទស្សន៍ LED ៥០អ៊ីង១រង្វាន់, ជ័យលាភីលេខ៣ ទទួលបានស្មាតហ្វូន Huawei P9 ១រង្វាន់ ទូរទស្សន៍ LED ៥០អ៊ីង១ង្វាន់, ជ័យលាភីលេខ៤ និងលេខ៥ ទទួលបានកុំព្យូទ័រយួរដៃ Lenovo ម្នាក់១រង្វាន់, និងជ័យលាភីលេខ៦ដល់លេខ១០ ទទួលបានស្មាតហ្វូន Huawei P9 Lite ម្នាក់១រង្វាន់។

សូមជម្រាបថា ក្រសួងទេសចរណ៍ នឹងធ្វើការប្រឡងជ្រើសរើសអ្នកនិយាយភាសាឆ្នើមបន្តទៀត ក្នុងពេលបន្តបន្ទាប់ខាងមុខ ដើម្បីចូលរួមជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ឱ្យកាន់រីកតែសម្បូរបែប សំដៅទាញយកចំនួនភ្ញៀវចិនថមទៀត៕