(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងផ្តើមធ្វើទស្សកិច្ចនៅប្រទេសទីម័រឡេស្តេ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះហើយ ដើម្បីចូលរួមខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិរបស់ប្រទេសនេះ តបតាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តីប្រទេសទីម័រ។

អំឡុងទស្សនកិច្ច២ថ្ងៃ នៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៦នេះ រដ្ឋាភិបាលប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើឯកសារចំនួន៣ រួមមាន៖ ទី១.កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច, ទី២.កិច្ចព្រមព្រៀងស្ដីពីការលើកលែង ទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ, និងទី៣.អនុស្សារណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹង កិច្ចសហប្រតិការ លើវិស័យការងារផងដែរ។

សូមជំរាបថា  មន្រ្តីជាន់ខ្ពស់ដែលអមដំណើរសម្តេចតេជោនាពេលនេះ រួមមាន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈ, លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ និងថាមពល ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត៕